(កំពត)៖ ស្ត្រីម្នាក់ក្រោយលួចទូរស័ព្ទត្រូវកម្លាំងអាវុធហត្ថខេត្តកំពត ចុះទៅឃាត់ខ្លួនបាននៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។ លោក ហែម ចាន់តារា ប្រធានមន្ទីរស្រាវជ្រាវ និងយុត្តធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពតបានប្រាប់អង្គភាព Fresh News ថា ស្ត្រីសង្ស័យឈ្មោះ លឹម ស៊ីណា អាយុ៤៣ឆ្នាំ រស់នៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

ជនសង្ស័យខាងលើ បានចូលលួចទូរស័ព្ទដៃ១គ្រឿង ម៉ាក(IPHONE-5s) របស់ជនរងគ្រោះ ឈ្មោះសេង អ៊ាក ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិមាត់ពាម ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

លោក ហែម ចាន់តារា បន្តថា ជនសង្ស័យបានចូលធ្វើសកម្មភាពលួចទូរស័ព្ទដៃ របស់ជនរងគ្រោះ ក្នុងហាងអ៊ុតសក់មួយកន្លែង ក្បែរផ្សារសាគ្គីទីរួមខេត្តកំពត ខណៈជនរងគ្រោះកំពុងអង្គុយអ៊ុតសក់ភ្លេចខ្លួនហើយក្រោមកើតហេតុ ស្រ្តីរងគ្រោះបានប្តឹងទៅសមត្ថកិច្ចអាវុធហត្ថចុះមកឃាតង់ខ្លួនតែម្តង៕