(កំពត)៖ ក្រុមអ្នកអភិរក្សសត្វក្រៀល ឬកុកទេព បានឲ្យដឹងថា សត្វក្រៀល គឺជាសត្វស្លាបមួយប្រភេទសម្បុរប្រផេះ ចំពុះវែង កវែង ក្បាលត្រងោល ហើយវាជាប្រភេទសត្វដ៏កម្រមួយនៅលើពិភពលោក។ ពួកគេបានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំង ពីវត្តមានក្រៀល នៅតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងខេត្តកំពត ដោយសារតែប្រភពនឹងភាពខ្វះចំណីនៅតំបន់នេះ។
លោក ប៊ូ វរសក្ស នាយកកម្មវិធីនៃអង្គការ BirdLife International ប្រចាំកម្ពុជា បានឲ្យដឹងថា ការបារម្ភពីវត្តមានសត្វក្រៀលនៅកម្ពុជា ដោយសារតែនៅតំបន់ការពារទេសភាពអន្លង់ព្រីង មានទឹកប្រៃចូលធ្វើឲ្យងាប់ដើមផ្លុង ដែលជាចំណីរបស់សត្វក្រៀល។ ការប្រឈមនឹងភាពខ្វះចំណីមួយទៀត គឺតំបន់ធនធានធម្មជាតិ ភ្នំទឹក និងភ្នំតូច ដែលជាទីតាំងសត្វក្រៀលទៅរកចំណី មានការទិញលក់ដីបឹងនៅជុំវិញនោះដោយក្រុមហ៊ុនឯកជន ដែលទីតាំងដ៏សំខាន់នោះអាចនឹងត្រូវបាត់បង់។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ដែលបានចុះដល់ទីតាំងផ្ទាល់, អ្នកអភិរក្សសត្វក្រៀល បានឲ្យដឹងទៀតថា នៅប្រទេសវៀតណាមធ្លាប់មានអត្រាថយចុះវត្តមានសត្វក្រៀល រហូតដល់ឆ្នាំខ្លះសត្វក្រៀលគ្មានវត្តមាននៅប្រទេសវៀតណាមឡើយ ដោយសារតែមានការរំខានពីទីតាំងជម្រក និងទីតាំង ដែលពួកវារកចំណី។ លោកបន្ថែមថា ចំពោះនៅប្រទេសថៃវិញ សត្វក្រៀលបានផុតពូជទៅហើយ ប៉ុន្តែថៃបានប្រើវិធីបង្កាត់ពូជសត្វក្រៀល ដើម្បីយកទៅលែងនៅតំបន់ធនធានធម្មជាតិវិញ។
លោក ប៊ូ វរសក្ស មិនចង់ឃើញវត្តមានសត្វក្រៀលនៅកម្ពុជា ថយចុះដូចនៅវៀតណាមឡើយ។ លោកក៏មិនចង់ឃើញ នៅកម្ពុជាមានសកម្មភាពបង្កាត់ពូជសត្វក្រៀល ដូចនៅថៃដែរ ព្រោះត្រូវការពេលវេលារាប់ឆ្នាំ ហើយចំណាយលុយខ្ទង់លានដុល្លារថែមទៀត ខណៈដែលការបង្កាត់នោះទៀតសោត មិនងាយបានជោគជ័យឡើយ។
ប្រការនេះហើយ ទើបក្រុមអ្នកអភិរក្សសត្វក្រៀល សំណូមទៅរាជរដ្ឋាភិបាលពិចារណា ដាក់បញ្ចូលតំបន់ភ្នំទឹក និងភ្នំតូច ដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រងមួយនេះ ជាតំបន់អភិរក្សធនធានធម្មជាតិដូច តំបន់ការពារទេសភាពអន្លង់ព្រីងផងដែរ។ ពួកគាត់រំពឹងថា បើទុកអភិរក្សវិញ តំបន់ខាងលើអាចទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តបាន និងបង្កើតមុខរបរបន្ថែមសម្រាប់ប្រជាពលរដ្ឋ។
តំបន់ការពារទេសភាពអន្លង់ព្រីង មានផ្ទៃដីសរុប ២១៧ហិកតា ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងជាតំបន់អភិរក្សធនធានធម្មជាតិមួយ ដោយអនុក្រឹត្យលេខ ៨៤ អនក្រ-បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។ តំបន់ការពារទេសភាពអន្លង់ព្រីង បានផ្តល់ជាទីជម្រក និងប្រភពចំណីដ៏សំខាន់សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ជាពិសេសសត្វក្រៀល។ វាក៏ជាជម្រករបស់សត្វស្លាបផ្សេងទៀត ដូចជាសត្វខ្វែកសមុទ្រស្លាបឆ្នូតស ទាព្រៃក្បាលឆ្នូតស ផងដែរ។
ចំពោះតំបន់ភ្នំទឹក និងភ្នំតូច ស្ថិតលើផ្ទៃដីជាង ៦០០ហិចតា មានភូមិសាស្ត្រនៅក្បែរព្រំដែនកម្ពុជា-វៀតណាម ក្នុងឃុំបឹងសាលាខាងត្បូង និងឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ជាតំបន់ទេសចរណ៍ធម្មជាតិដ៏គួរឲ្យទាក់ទាញមួយ ប៉ុន្តែតំបន់នេះមិនសូវមានអ្នកទៅកម្សាន្តនោះទេ។
លោក ប៊ូ វរសក្ស បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន ដែលបានដាក់តំបន់ការពារទេសភាពអន្លង់ព្រីង ជាទីតាំងអភិរក្ស សម្រាប់សត្វក្រៀលរស់នៅ និងរកចំណី។ លោកសង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាល នឹងពិចារណាដាក់តំបន់ភ្នំទឹក និងភ្នំតូច ជាទីតាំងអភិរក្សធនធានធម្មជាតិផងដែរ។
ក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់ លោក សាយ សំអាល់ បានប្តេជ្ញាចិត្តការពារ និងអភិរក្សធនធានធម្មជាតិ គ្រប់កន្លែងទាំងអស់។ ក្រសួងបរិស្ថាន បញ្ជាក់ថា ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ គឺជាយុទ្ធសាស្ត្រត្រឹមត្រូវដើម្បីបង្កើនជីវភាពប្រជាសហគមន៍មូលដ្ឋាន បង្កើតជម្រើសថ្មីមុខរបរថ្មីជូនប្រជាសហគមន៍ផងដែរ។
បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ដែលជាមន្ត្រីសកម្មមួយរូបលើការងារធនធានធម្មជាតិ បានអះអាងថា ការទិញលក់ដី នៅក្នុងតំបន់អភិរក្សធនធានធម្មជាតិ គឺជាទង្វើខុសច្បាប់។ លោកសង្កត់ធ្ងន់ថា ក្រសួងបរិស្ថាន ក៏បដិសេធមិនទទួលស្គាល់នោះទេ និងបានចាត់ទុកករណីទិញលក់ដីនៅតំបន់អភិរក្សធនធានធម្មជាតិ ជាករណីអាទិភាពត្រូវអនុវត្តច្បាប់ចំពោះជនល្មើស៕