(ភ្នំពេញ)៖ ក្រុមហ៊ុន Canopy Sands Development ដែលជាសមាជិករបស់ក្រុមហ៊ុន ព្រីនស៍ ហូឌីង គ្រុប ដែលជាក្រុមហ៊ុនពហុផលិតផលដ៏ធំ និងកំពុងមាន ភាពរីកចម្រើនលឿនជាងគេមួយនៅកម្ពុជា បានអនុម័តផែនការគោលសម្រាប់ទីក្រុងរាម ដែលបានអភិវឌ្ឍដោយក្រុមហ៊ុន Surbana Jurong Group ដែលជាក្រុមហ៊ុន ផ្ដល់ប្រឹក្សាផ្នែកសេវាកម្មក្នុងការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធទីក្រុងទូទាំងពិភពលោក ដែលមានទីស្នាក់ការកណ្តាល នៅប្រទេសសិង្ហបុរី។
ផែនការគោលបានបញ្ជាក់អំពីប្លង់ដីសម្រាប់ប្រើប្រាស់ ក្នុងគម្រោងដែលមានទំហំ៨៣៤ហិកតា ដែលការវិនិយោគសរុប ត្រូវបានគេប៉ាន់ស្មានប្រមាណជា ១៦ពាន់លានដុល្លារ ហើយនឹងត្រូវបានអភិវឌ្ឍន៍ នៅលើដីដែលបានចាក់បំពេញ ដែលមានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ ទីក្រុងរាម នឹងដើរតួជាកត្តាជំរុញ សម្រាប់សក្ដានុពលរីកចម្រើន នៃតំបន់ខេត្តព្រះសីហនុទាំងមូល ដែលជាទីក្រុងធំជាងគេលំដាប់ទីបី និងជាកំពង់ផែទឹកជ្រៅ របស់កម្ពុជា។
ទីក្រុងរាម នឹងផ្លាស់ប្តូរខេត្តព្រះសីហនុ តាមរយៈការណែនាំនូវប្រព័ន្ធអេកូឡូស៊ី ប្រកបដោយចីរភាពសម្រាប់សកម្មភាពផ្នែក ទេសចរណ៍ ផ្នែកពាណិជ្ជកម្ម និងលំនៅដ្ឋាន ដែលមានសក្ដានុពល អាចផ្ដល់ជាកន្លែងស្នាក់នៅ ដល់ប្រជាជនរហូតដល់១៣០,០០០នាក់។ នៅពេលបញ្ចប់ ផែនការគោលដែលផ្តោតសំខាន់ទៅលើ ការសាងសង់ កន្លែងលំហែសម្រាប់គ្រួសារ ខុនដូ ផ្ទះដែលមានទីធ្លា និងផ្ទះជាប់ឆ្នេរ និងលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម រមណីយដ្ឋានតាមមាត់ឆ្នេរ សណ្ឋាគារ ខុនដូតែល កប៉ាល់និងក្លឹបកំពង់ផែកំសាន្ត និងទីលានវាយកូនហ្គោល។
ក្រុមហ៊ុន Surbana Jurong ត្រូវបានតែងតាំងឲ្យអភិវឌ្ឍផែនការគោល ក្នុងការរចនាទីក្រុង និងធ្វើការងារវិស្វកម្ម តាមឆ្នេរសមុទ្រសម្រាប់ទីក្រុងរាម។ ប្រទេសកម្ពុជា ស្ថិតនៅចន្លោះប្រទេសថៃ និងប្រទេសវៀតណាម និងមានទីតាំងនៅចំកន្លែងគោលដៅវិនិយោគ ដ៏គួរឲ្យទាក់ទាញសម្រាប់អាជីវកម្មនានា ដែលចង់ពង្រីកខ្លួន នៅក្នុងតំបន់អាស៊ាន។
លោក Yeo Choon Chong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Surbana Jurong ប្រចាំនៅតំបន់អាស៊ាន បានថ្លែងថា «កម្ពុជាបាននឹងកំពុងបន្តទាក់ទាញ លំហូរវិនិយោគផ្ទាល់ ពីបរទេសឥតឈប់ឈរ។ ជាមួយនឹងដៃគូនានារបស់យើង យើងមើលឃើញសក្ដានុពលយ៉ាងធំធេង ក្នុងការជំរុញឲ្យមានការរីកចម្រើន នៅក្នុងទីផ្សារដ៏សំខាន់មួយនេះ តាមរយៈការចូលរួមនៅក្នុងគម្រោងផ្នែកហេដ្ឋារចនាសម្ព័ន្ធដ៏ល្បីល្បាញនេះ»។
លោក Yeo បានបន្ថែមទៀតថា «សំណើនេះ ផ្ដល់អាទិភាពលើសមាហរណកម្មធម្មជាតិ ដើម្បីលើកកម្ពស់ការសាងសង់បរិស្ថាន។ មួយផ្នែកធំនៃផែនការនេះ មានឆ្នេរខ្សាច់ដ៏ធំទូលាយ ដែលលាតសន្ធឹងលើសពី ៦គីឡូម៉ែត្រ។ ប្រការនេះ នឹងជួយគាំទ្រដល់សកម្មភាពនានាជាច្រើន នៅតាមឆ្នេរ និងបន្ថែមនូវភាពរស់រវើក ដល់សហគមន៍ផងដែរ»។
ផែនការនេះ ក៏រួមបញ្ចូលផងដែរ នូវការកែលម្អរហេដ្ឋារចនាសម្ព័ន្ធ សម្រាប់សហគមន៍ ដើម្បីជួយគាំទ្រដល់ប្រជាពលរដ្ឋ និងទីកន្លែងនានា របស់សហគមន៍ដូចជា សាលារៀន សួនឧទ្យាន និងទីធ្លាសម្រាប់កំសាន្ត ពហុកីឡាដ្ឋាន មន្ទីរពហុព្យាបាល និងគ្រឿងបរិក្ខារកម្រិតភូមិសង្កាត់។ នៅពេលដែលមានការអភិវឌ្ឍន៍ពេញលេញ ទីក្រុងរាមនឹងក្លាយជាគោលដៅ ដ៏គួរឲ្យចាប់អារម្មណ៍មួយសម្រាប់ការមកបរិភោគអាហារ ការលក់ដូរ ការប្រកបការងារ ការកំសាន្ត និងការរស់នៅ។
លោក Khong Weng Fook ជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Canopy Sands Development បានថ្លែងថា «យើងបានភ្ជាប់ទំនាក់ទំនង ជាមួយក្រុមហ៊ុន Surbana Jurong អស់រយៈពេលជាងមួយឆ្នាំមកហើយ។ ហើយយើងពិតជារីករាយ នឹងផែនការគោលដែលពួកគេ បានដាក់ស្នើសម្រាប់សម្រាប់ការរៀបចំ នៅទីក្រុងរាមនេះណាស់»។
លោកបន្ដថា «ក្រុមហ៊ុន Surbana Jurong បានធ្វើឲ្យអតិថិជននៅជុំវិញពិភពលោក មានការចាប់អារម្មណ៍ជាបន្តបន្ទាប់ ហើយមានភាពល្បីឈ្មោះ ដោយសារបទពិសោធន៍ដ៏ទូលំទូលាយ ក្នុងផ្នែកអភិវឌ្ឍន៍ទីក្រុង ដែលមានបុគ្គលិកដ៏មានទេពកោសល្យ យ៉ាងស៊ីជម្រៅទូទាំងពិភពលោក និងមានការគ្របដណ្ដប់ ទូទាំងសាលកលលោក ដោយសារពួកគេបានអភិវឌ្ឍផែនការគោលសម្រាប់គម្រោងនានាជាច្រើននៅជាង ៣០ ប្រទេសរួចមកហើយ»។
លោក Khong Weng Fook បានបន្ថែមទៀតថា «យើងទន្ទឹងរងចាំធ្វើការរួមគ្នា ដើម្បីបំលែងផែនការប្រើប្រាស់ដី ដែលពួកគេបានដាក់ស្នើឲ្យក្លាយទៅជាការពិត ព្រមទាំងបង្កើតដំណោះស្រាយ ប្រកបដោយចីរភាពសម្រាប់ការរស់នៅឲ្យកាន់តែប្រសើរឡើង សម្រាប់ខេត្តព្រះសីហនុ និងប្រជាជនកម្ពុជា»។
ក្រៅពីវិស័យទេសចរណ៍ ខេត្តព្រះសីហនុ ក៏កំពុងធ្វើពិពិធកម្មសេដ្ឋកិច្ចផងដែរ ដោយមានមូលដ្ឋានគ្រឹះនៃការកំសាន្ត ការផលិត ការដឹកជញ្ជូន ផលិតកម្មអគ្គិសនី និងអាជីវកម្មកសិកម្មនានា។ វាស្ថិតនៅផ្លូវបំបែកនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗពីរដូចជា គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ និងច្រករបៀងសេដ្ឋកិច្ចខាងត្បូង នៃមហាអនុតំបន់ទន្លេមេគង្គ។
អាកាសយានដ្ឋាន ក៏កំពុងត្រូវបានពង្រីកផងដែរ ហើយនឹងត្រូវបានឃើញនូវការកើនឡើង នៃសមត្ថភាពរបស់ខ្លួន ក្នុងការផ្ទុកអ្នកដំណើរ បានប្រមាណ៣.៦ លាននាក់ជារៀងរាល់ឆ្នាំៗ ជាមួយនឹងផែនការបន្ថែមទៀត ដែលរំពឹងថានឹងអាចផ្ទុកអ្នកដំណើរ បាន១០លាននាក់ នៅឆ្នាំ២០៣០។ ក្រុមហ៊ុន ព្រីនស៍គ្រុប និងក្រុមហ៊ុន Surbana Jurong មានគោលបំណង រួមគ្នានាំយកវិធីសាស្ត្រដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងបានគ្រោងទុកយ៉ាងល្អិតល្អន់ ទៅអភិវឌ្ឍតំបន់ឆ្នេរ ដោយប្រើប្រាស់ភាពខ្លាំងរបស់ភាគីទាំងពីរ។
ក្រុមហ៊ុន ព្រីនស៍គ្រុប ដែលរាប់បញ្ចូលទាំងក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប (Prince Real Estate Group) ធនាគារ ព្រីនស៍ (Prince Bank) ក្រុមហ៊ុន អាកាសចរណ៍ កម្ពុជា អ៊ែរវេយ៍ (Cambodia Airways) និងក្រុមហ៊ុន Prince Huan Yu Real Estate ក្នុងចំណោមក្រុមហ៊ុនសម្ព័ន្ធរបស់ខ្លួន បានបញ្ចប់គម្រោងជាច្រើន ក្នុងទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ ហើយបានវិនិយោគទឹកប្រាក់ប្រមាណ ជាង២ពាន់លានដុល្លារអាមេរិក ទៅលើគម្រោងក្នុងស្រុកនានា ក្នុងគោលបំណង «កសាងជីវិតឲ្យកាន់តែប្រសើរ» សម្រាប់ប្រជាជនកម្ពុជា៕