(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអំពាវនាវដល់សប្បុរសជន ទាំងអស់ បន្តចូលរួមបរិច្ចាគ ថវិកា ដើម្បីចូលរួមចំណែកការងារមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះនៅពេលមានគ្រោះធម្មជាតិ និងគ្រោះអន្តរាយផ្សេងៗ។
ការថ្លែងរបស់លោកអភិបាលខេត្តព្រៃវែងបែបនេះ ខណៈដែលលោកអញ្ជើញប្រកាសតែងតាំងបន្ថែមសមាសភាពអនុប្រធានកិត្តិយសសាខាអាណត្តិទី ៥ ចំនួន ៩រូប ដែលមានការចូលរួមពីលោក សួស អង្គារ៍ អនុប្រធានកិតិ្តយសសាខាតំណាង នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានគណៈកិតិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។
លោក ជា សុមេធី បានសរសើរគណៈកម្មការសាខាក្រុមប្រតិបត្តសាខា អនុសាខាក្រុង ស្រុកទាំង១៣ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ក្នុងការបំពេញភារកិច្ច មនុស្សធម៌បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
«សូមអំពាវនាវដល់គណៈកម្មការសាខាក្រុមប្រតិបត្តសាខា អនុសាខាក្រុង ស្រុក ទាំង ១៣ ត្រូវបន្តពួតដៃគ្នា ធ្វើការងារ មនុស្សធម៌នេះ ឱ្យខ្លាំងឡើងបន្ថែមទៀតដើម្បី ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅតាមទីជនបទនៅពេលមានគ្រោះមហន្តរាយកើតមានឡើងឲ្យបានទាន់ពេលវេលា»។ នេះបើតាមអភិបាលខេត្តព្រៃវែង។
លោក សុខ ផេង អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការសាខា បានលើកឡើងអំពីសកម្មភាពរបស់សាខា រយៈពេល ១ឆ្នាំ ៤ខែ កន្លងមកនេះសាខាបានបំពេញតួនាទីរបស់ខ្លួន ស្របតាមគោលការណ៍គ្រឹះទាំង៧ រួមមាន៖ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព សកលភាព និងបានអនុវត្តន៍ទៅលើវិស័យស្នូលទាំង៤របស់ កាកបាទក្រហមកម្ពុជា រួមមាន៖ ការគ្រប់គ្រងគ្រោះមហន្តរាយ ការថែទាំសុខភាពសហគមន៍ ការលើកកម្ពស់គោល ការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងការអភិវឌ្ឍន៍ស្ថាប័ន និងធនធាន ត្រូវបានពង្រឹង ពង្រីក និងធ្វើការឆ្លើយតប ប្រកបដោយលទ្ធផលជាវិជ្ជមាន។
លោកថ្លែងទៀតថា សាខាបានផ្តល់អំណោយជាស្បៀង និងសម្ភារៈ សរុបចំនួន ២,៥២៨ គ្រួសារ / នាក់ ស្មើនឹង៤១៦លើក គ្រួសារដែលរងគ្រោះដោយគ្រោះមហន្តរាយ មានចំនួន៤៥៣គ្រួសារ/នាក់ ស្មើនឹង១១៧លើក ក្នុងនោះស្លាប់ ចំនួន៧៥នាក់ និងរបួស៣៧៨នាក់ សុខភាព និងការថែទាំសុខភាពសហគមន៍ មានចំនួន២,០៧៥ គ្រួសារ នាក់ ស្មើនឹង២៩៩លើក និងផ្ទះចំនួន៥៣ខ្នង បង្គន់អនាម័យ ចំនួន៤៦បង្គន់៕