(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ដែលជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ដ៏ធំជាងគេបំផុត នៅលើពិភពលោក ដែលកំពុងតែផ្តល់ការថែទាំ ដល់អ្នករស់នៅជាមួយមេរោគអេដស៍ នាខែកុម្ភៈ ឆ្នាំ២០២១ខាងនេះ នឹងរៀបចំទិវាស្រោមអនាម័យអន្តរជាតិ ក្រោមក្រោមប្រធានបទ «តែងតែទាន់សម័យ» ជាមួយស្រោមអនាម័យ! ដោយមានការប្រារព្ធទិវា ដោយផ្ទាល់ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ហើយសម្រាប់ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២១ និងមាន Concert Online ផងដែរ។
AHF ក៏បានប្រកាសឲ្យប្រជាពលរដ្ឋចូលរួមឱ្យបានច្រើន ដើម្បីក្រើនរំលឹកដល់គ្រប់គ្នាពីសារៈសំខាន់ នៃការទទួលបានស្រោមអនាម័យដោយ ឥតគិតថ្លៃ និងតាមតម្រូវការស្រោមអនាម័យ ដែលជាជម្រើសដ៏ល្អសម្រាប់ការពារខ្លួន ពីការចម្លងកាមរោគ និងមេរោគអេដស៍។
AHF បានរៀបចំទិវាស្រោមអនាម័យអន្តរជាតិ ចាប់តាំងពីឆ្នាំ២០០៨ ប្រកបដោយភាពច្នៃប្រឌិត ដើម្បីផ្សព្វផ្សាយពីស្រោមអនាម័យ និងការប្រើប្រាស់ពីព្រោះស្រោម អនាម័យមានសារៈប្រយោជន៍ ជាចំបងសម្រាប់ការពារខ្លួន ពីការចម្លងកាមរោគ មេរោគអេដស៍ និងការពារការមានផ្ទៃពោះ ដោយមិនបានគ្រោងទុក។ ទិវាអន្តរជាតិមួយនេះ ប្រារព្ធធ្វើឡើងដើម្បីផ្សាភ្ជាប់ជាមួយនឹង ទិវានៃក្តីស្រឡាញ់ជារៀងរាល់ឆ្នាំ ក្រុមការងាររបស់ AHF ដែលមានទីតាំងនៅបណ្តាប្រទេសផ្សេងៗ ទូទាំងសកលលោក កំពុងរៀបចំព្រឹត្តការណ៍កម្សាន្តសប្បាយ ការអប់រំផ្សេងៗជាច្រើនតាមបណ្តាញសង្គម និងដោយផ្ទាល់ក្រោមប្រធានបទ «តែងតែទាន់សម័យ» សម្រាប់ទិវាស្រោមអនាម័យ ២០២១!។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំ សុខភាពអ្នកជំងឺអេដស៍ (AHF) បានឱ្យដឹងថា ជំងឺកូវីដ១៩ បន្តការប៉ះពាល់ក្នុងការទទួល ស្រោមអនាម័យក៏ប៉ុន្តែវានៅតែទាន់សម័យ សម្រាប់ទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២១ ជារឿងដ៏សាមញ្ញដែលអាចទទួលយកបាន ជាមួយការខិតខំ ដើម្បីឲ្យមានស្រោមអនាម័យគ្រប់ទីកន្លែងទាំងអស់ ដើម្បីឱ្យប្រជាជនទូទៅបានយល់ថា ស្រោមអនាម័យជាជម្រើសដ៏ល្អបំផុត សម្រាប់ជីវិតរស់នៅ និងធានាឱ្យបានថា ស្រោមអនាម័យមានគ្រប់គ្រាន់ និងងាយស្រួលទទួលបានតាមតម្រូវការ របស់មនុស្សទាំងសកល។
អ្នកស្រី Terri Ford នាយកផ្នែកគោលនយោបាយ និងតស៊ូមតិសកលរបស់អង្គការ AHF បានឱ្យដឹងថា ការបិទប្រទេស និងការរឹតត្បិតដោយសារតែមេរោគកូវីដ១៩ នៅតែបន្តគំរាមកំហែង ចំពោះការទទួលបានស្រោមអនាម័យ ជាពិសេសប្រទេសជាច្រើន ដែលអស់ស្រោមអនាម័យពីស្តុក និងមានឧបសគ្គជាច្រើន ដែលធ្វើឲ្យមានការលំបាកដល់ប្រជាជន ទទួលស្រោមអនាម័យ។
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ នៅតែខិតខំប្រឹងប្រែងដើម្បីឲ្យប្រាកដថា ប្រជាជនទាំងអស់ទទួលបានស្រោមអនាម័យ ដោយឥតគិតថ្លៃ និងតាមតម្រូវការ។ សម្រាប់ទិវាស្រោមអនាម័យអន្តរជាតិនេះ ផ្តោតតែមួយគត់គឺ «តែងតែទាន់សម័យ» និង «សុវត្ថិភាពគឺសិចស៊ី» សម្រាប់ទិវាស្រោមអនាម័យ ២០២១ គឺលើកទឹកចិត្តឱ្យគ្រប់ គ្នានៅតាមបណ្តាប្រទេសទាំង៤៥ រៀបចំព្រឹត្តិការណ៍កំសាន្តសប្បាយ និងបន្តការផ្សព្វផ្សាយពីសារៈសំខាន់ នៃស្រោមអនាម័យដែលអាចទទួលបានគ្រប់ៗគ្នា។
លោក Michael Weinstein ប្រមុខដឹកនាំអង្គការ AHF ទូទាំងសកលលោក បានឱ្យដឹងដែរថា «យើងតែតែចាត់ទុកស្រោមអនាម័យ នៅក្នុងបញ្ជីអាទិភាពរបស់យើង»។ ទិវាស្រោមអនាម័យអន្តរជាតិ ផ្តល់ឱ្យនូវវេទិកាមួយ ដើម្បីអំពាវនាវដល់រដ្ឋាភិបាល និងស្ថាប័នសុខភាពសាធារណៈ ដើម្បីធានាថា ប្រជាជនមានឧបករណ៍ដើម្បីការពារខ្លួន និងមនុស្សជាទីស្រឡាញ់របស់ពួកគេ ដែលជាពិសេសបំផុត នៅពេលដែលយើងនៅតែឃើញមានការឆ្លងមេរោគអេដស៍ថ្មីចំនួន ១.៧លាននាក់ជារៀងរាល់ឆ្នាំ៕