(ភ្នំពេញ)៖ នាវេលាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានរាយការណ៍ពីការតម្រូវការ និងការបម្រើជូនគណៈកម្មាធិការទី៧ សមាជិកព្រឹទ្ធសភា ដែលដឹកនាំដោយលោក មុំ ជឹមហ៊ុយ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
សង្កាត់វាលស្បូវ គឺជាអតីតសង្កាត់ដែលបំបែកចេញពីស្រុកកៀនស្វាយ នៃខេត្តកណ្តាល ហើយបច្ចុប្បន្នស្ថិតក្នុងដែនដី នៃខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ សង្កាត់មួយនេះ មានចំនួនប្រជាជនរស់នៅសរុប ២៧២២គ្រួសារ ស្មើនឹង ១២០៤០នាក់។
ក្នុងអង្គពិធីសំណេះសំណាលខាងលើ លោក លោកស្រីចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាល ក៏បានថ្លែងប្រាប់ជារបាយការណ៍ផ្ទាល់មាត់អំពីសេចក្តីសុខ សុវត្ថិភាព ការងារសម្រេចបាន សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងការបំពេញកាតព្វកិច្ចរបស់ខ្លួនកន្លងមក ជូនដល់គណៈអធិបតី ដើម្បីទទួលជ្រាបផងដែរ។
ទន្ទឹមនឹងនោះ លោក ចេង មុនីរ៉ា បានថ្លែងរៀបរាប់ជូនគណៈអធិបតី អំពីកិច្ចការងារជាច្រើន ដែលរដ្ឋបាលខណ្ឌ និងសង្កាត់វាលស្បូវ បានធ្វើរួមគ្នា និងបានដោះស្រាយកន្លងមកទាំងការផ្តល់នូវសេវាតម្រូវការផ្សេងៗ ការដោះស្រាយនូវបញ្ហា និងទុក្ខកង្វល់បងប្អូនពលរដ្ឋ ពិសេសការថែរក្សាការពារនូវសន្តិសុខសុវត្ថិភាពផ្សេងៗជាច្រើន ដើម្បីធានាបានដល់ការរស់នៅរបស់ពួកគាត់ទាំងអស់គ្នាផងដែរ។
អភិបាលខណ្ឌលើកឡើងបន្តថា បញ្ហាដែលរដ្ឋបាលថ្នាក់ខណ្ឌ កំពុងតែជួបប្រឈមមុខនោះ គឺបញ្ហាផ្លាស់ប្តូរទីលំនៅរបស់បងប្អូនប្រជាពលរដ្ឋ ព្រោះបងប្អូនពលរដ្ឋខ្លះ គាត់មានលំនៅឋានច្រើនកន្លែង ដែលមិនមែនមានតែក្នុង ខណ្ឌច្បារអំពៅ ហើយពួកគាត់ចូលមករស់នៅ ឬប្តូរចេញពីខណ្ឌច្បារអំពៅ ពួកគាត់ពុំបានធ្វើលិខិតជាមួយរដ្ឋអំណាច បញ្ជាក់ពីការប្តូរឡើយ ដែលជាហេតុធ្វើអោយអាជ្ញាធរមានការពិបាកក្នុងការគ្រប់គ្រងនូវចំនួនប្រជាជនច្បាស់លាស់ ដែលកំពុងរស់នៅ។ លោកថា ពួកគាត់ចង់បានសៀវភៅស្នាក់នៅច្បាស់លាស់ពីអាជ្ញាធរ ដើម្បីយកទៅប្រើប្រាស់តាមសេវាតម្រូវការរបស់ខ្លួន ប៉ុន្តែខ្លួនបែរជាមិនព្រមបំពេញការផ្លាស់ប្តូរទីលំនៅអោយបានច្បាស់លាស់តាមច្បាប់នោះទេ សុខចិត្តនៅរស់នៅទាំងគ្មានតួលេខជាពលរដ្ឋក្នុងខណ្ឌទៅវិញ។
ក្រោយទទួលស្តាប់ការលើកឡើងរបស់លោកអភិបាលខណ្ឌ លោកលោកស្រីចៅសង្កាត់ និងនាយប៉ុស្តិ៍រដ្ឋបាលនគរបាលរួចមក លោក មុំ ជឹមហ៊ុយ ប្រធានគណៈកម្មាធិការទី៧ព្រឹទ្ធសភា បានកោតសសើរវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំរដ្ឋបាល សង្កាត់ និងខណ្ឌ ដែលបានបំពេញកាតព្វកិច្ចរបស់ខ្លួនប្រកបដោយបទពិសោធន៍ខ្ពស់ និងសុឆន្ទៈមុតមាំ ក្នុងការបម្រើការងារជូនបងប្អូនប្រជានៅតាមដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួននីមួយៗ។
ជាមួយគ្នានេះ ប្រធានគណៈអធិបតី បានណែនាំដល់មន្ត្រីថ្នាក់ភូមិសង្កាត់ ខណ្ឌ ត្រូវប្រើប្រាស់នូវឥរិយាបថទន់ភ្លន់ និងសមរម្យបំផុត ជាមួយពលរដ្ឋ ក្នុងពេលបំពេញកាតព្វកិច្ច និងកំឡុងពេលបំពេញសេវាផ្សងៗជូនពួកគាត់ ជៀសវៀងប្រើសម្តីមិនសមរម្យ ធ្វើអោយពួកគាត់មានការថ្នាំងថ្នាក់ ឬកើតក្តីខឹងសម្បារជាមួយអាជ្ញាធរ ដែលជាមន្ត្រីបម្រើប្រជាជន។ លើសពីនោះ ក្រុមអាជ្ញាធរ ត្រូវចុះជាប់ និងនៅគៀកជានិច្ចជាមួយពលរដ្ឋ ដើម្បីទទួលបានដឹងពីសុខទុក្ខលំបាក និងសេចក្តីការរបស់របស់ពួកគាត់ ក្នុងការយកមកពិភាក្សារកដំណោះស្រាយជូនពួកអោយមានប្រសិទ្ធិភាពខ្ពស់ ជៀសវៀងការទុកអោយដំបៅពួកគាត់ ត្រូវឈឺរាំរៃ គ្មានថ្ងៃជាសះ ។
ទន្ទឹមនឹងនោះ លោកប្រធានគណៈកម្មាធិការទី៧ នៃព្រឹទ្ធសភាក៏បានស្នើអោយអាជ្ញាធរ សង្កាត់ខណ្ឌ ពិសេសសង្កាត់វាលស្បូវ ត្រូវបន្តការខិតខំប្រឹងប្រែងនេះបន្តទៀត ដើម្បីបម្រើដល់ផលប្រយោជន៍ ក៏ដូចជាបំពេញសេចក្តីសុខជូន ប្រជាជន និងដើម្បីបម្រើដល់បុព្វហេតុប្រទេសជាតិទាំងមូលផងដែរ។ ក្នុងអង្គពិធីខាងលើនោះ គណៈអធិបតី ក៏បានឧបត្ថម្ភ ថវិការមួយចំនួន ដល់ថ្នាក់រដ្ឋបាលសង្កាត់ផងដែរ៕