Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខសំណេះសំណាលជាមួយកុមារ នៅមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន

08-02-2021 13:47

(ប៉ៃលិន)៖ ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រីរាជការ ម៉ែដោះ កូនៗកុមារកំព្រា នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន ក្នុងការសំណេះសំណាលមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនរូបទៀត។

ក្នុងឱកាសនោះលោកស្រីអភិបាលខេត្ត បាននាំមកនូវក្តីអាណិតស្រលាញ់ពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីទុក្ខលំបាកកូនៗ ចៅៗ ដែលកំព្រាគ្មានឪពុកម្តាយ គ្មានភាពកក់ក្តៅក្នុងជីវិត។

ក្នុងនាមលោកស្រី បានស្នើអោយប្រធានមណ្ឌល និងម៉ែដោះ យកចិត្តទុកដាក់មើលថែកុមារទាំងអស់អោយបានល្អ ចេះអនាម័យខ្លួនប្រាណ បង្ហាត់បង្រៀនបន្ថែមអោយកុមារមានចំណេះដឹង មានសីលធ៌ម សុជីវធ៌មល្អក្នុងការរស់នៅក្នុងមណ្ឌល និងក្នុងសង្គម និងចូលរួមកែលម្អបរិស្ថានក្នុងមណ្ឌលអោយកាន់តែល្អស្រស់បំព្រងជាប្រចាំ ហើយសម្រាប់កូនៗ ចៅៗដែលរស់នៅក្នុងមណ្ឌលត្រូវស្តាប់ដំបូន្មានអ្នកគ្រូ លោកគ្រូ ម៉ែដោះ ចៀសអោយឆ្ងាយពីគ្រឿងញៀន ល្បែងពាលា ត្រូវខំសិក្សារៀនសូត្រ កុំបាក់ទឹកចិត្ត ឬអស់សង្ឃឹមក្នុងជីវិតអោយសោះ បើកូនៗ ចៅៗណាតស៊ូរៀនសូត្រ លោកនឹងជម្រុញ ឧបត្ថម្ភអោយបន្តការសិក្សារហូតចប់មហាវិទ្យាល័យ។

លោកស្រី ក៏បានឧបត្ថម្ភចំណីអាហារ និងថវិកាមួយចំនួនដល់មណ្ឌល ម៉ែដោះ និងកូនៗ ចៅៗផងដែរ៕