(ពោធិ៍សាត់)៖ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីពិនិត្យ និងវាយតម្លៃលើសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅក្នុងខេត្ត និងវិធានការការពារ និងទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន និងរៀតណាម។
កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើង នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោកមេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង ស្រុក លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តជាច្រើនរូបទៀត។
លោក ម៉ៅ ធនិន បានលើកឡើងថា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យ និងវាយតម្លៃលើសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅក្នុងខេត្ត ជាពិសេសផ្សព្វផ្សាយឱ្យកាន់តែស៊ីជម្រៅ ពីវិធានការការពារ និងទប់ស្កាត់ ការរីករាលដាល់ជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន និងរៀតណាម សំដៅលើកកម្ពស់ការអនុវត្តច្បាប់ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់បទល្មើស និងបាតុភាពនានា។
លោកអភិបាលខេត្ត បានធ្វើការវាយតម្លៃខ្ពស់ចំពោះរដ្ឋបាល ក្រុង ស្រុក ដែលកន្លងមកខិតខំបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវ ក្នុងកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ លោកក៏បានដាក់ចេញនូវវិធានការ និងបទបញ្ជាមួយចំនួន ដល់គ្រប់សមត្ថកិច្ច និងគណៈបញ្ជាការឯកភាពក្រុង ស្រុក ក្នុងការគ្រប់គ្រងនូវរាល់សភាពការណ៍ដែលកើតមាន បញ្ចៀសឱ្យបាននូវរាល់បាតុភាពផ្សេងៗ នៅតាមមូលដ្ឋាន ដោយធ្វើការជំរុញលើការអនុវត្តន៍ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពក្នុងការធានានូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងខេត្ត។ ម៉្យាងទៀតត្រូវក្តាប់ឱ្យបាន នូវចំនួនប្រជាពលរដ្ឋ ដែលទើបនឹងវិលត្រឡប់ពីក្រៅប្រទេស តាមច្រករបៀង ជាពិសេសច្រកព្រំដែនមួយចំនួន ដែលជាប់នឹងប្រទេសថៃ។ ជាមួយគ្នានោះ មន្ទីរសុខាភិបាលខេត្ត ត្រូវរៀបចំទីតាំងសម្រាប់ទទួលធ្វើចត្តាឡីស័ក នៅច្រកព្រំដែនថ្មដា ដោយត្រៀមទាំងសម្ភារ និងអាហារហូបចុកឱ្យបានគ្រប់គ្រាន់។
នៅក្នុងកិច្ចប្រជុំនោះដែរ លោកបានក្រើនរំលឹកដល់អាជ្ញាធរក្រុង ស្រុក និងមន្ទីរជំនាញ ត្រូវបន្តយកចិត្តទុកដាក់ ចុះត្រួតពិនិត្យជាក់ស្តែង ដើម្បីបញ្ជូនទឹក ឱ្យដល់ប្រជាកសិករ ដែលកំពុងស្តារឡើង នូវដំណាំស្រូវដែលរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់រយៈពេលកន្លងមក៕