(ស្វាយរៀង)៖ នៅក្នុងឱកាសចូលឆ្នាំចិន វៀតណាម ជិតចូលមកដល់ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខាខេត្តស្វាយរៀង ដឹកនាំដោយលោក ផឹង និល ប្រធានសាខា ក ប ប ខេត្ត បានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី ៨ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារ និងទំនិញវិចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារវាលយន្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀង ជាលទ្ធផលគឺរកឃើញពពុះសណ្ដែក ងៀតបបែល ស្លឹកខ្ទឹម មានដាក់សារធាតុគីមី។
លោក ផឹង និល បានឲ្យដឹងថា សកម្មភាពការងារត្រួតពិនិត្យពីមន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអាហារ ចំនួន ៣១ គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។
លោកបានបន្តថាជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមី និងខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ដូចជាពពុះសណ្តែកចំនួន ៨គីឡូក្រាម មានសារធាតុគីមី (Borax) ងៀតបបែល ចំនួន ៥ គីឡូក្រាម មានសារធាតុគីមី (Borax)ស្លឹកខ្ទឹម ចំនួន ១ គីឡូក្រាម មានថ្នាំសំណល់គីមីកសិកម្ម នំចំរុះ ចំនួន ៦ គីឡូក្រាម (ខូចគុណភាព)។
លោកបានបន្តថាទំនិញដែលមានសារធាតុគីមីបូរ៉ាក់នេះ កាលណាយើងបរិភោគវា នាំអោយប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ពិសេសក្រពះ ពោះវៀន ក្រលៀនជាដើម។ដូច្នេះក្នុងនាមប្រធានសាខា (កបប) ខេត្តសូមធ្វើការអំពាវនាវដល់អាជីវករ ត្រូវសហការជាមួយមន្ត្រីជំនាញ ក្នុងការធ្វើតេស្តរកសារធាតុគីមីហាមឃាត់ និងរកទំនិញដែលខូចគុណភាពដើម្បីធានាបានសុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋយើងក្នុងការលើកកម្ពស់សុខមាលភាពទាំងអ្នកប្រើប្រាស់ និងអ្នកលក់ឱ្យមាន
សុខភាពល្អទាំងអស់គ្នា៕