(បន្ទាយមានជ័យ)៖ ហាងកាត់ដេរ ហាងលក់ខោអាវស្បែកជើង ហាងលក់ផ្កា ត្រូវភ្លើងឆាបឆេះ ដោយសមត្ថកិច្ចអន្តរាគមន៏ជួយពន្លត់ប្រើពេលអស់២ម៉ោងទើបរលក់ជាស្ថាពរ តែទ្រព្យសម្បត្តិមាននៅក្នុងផ្ទះត្រូវភ្លើងឆេះខូចខាតទាំងស្រុងនៅ
វេលាម៉ោង៩ និង២៤ នាទីយប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅខាងកើតផ្សារថ្មីប៉ោយប៉ែត(ផ្សារអគ្គៈ) ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ហាងអាជីវកម្ម៣កន្លែងជាប់ៗគ្នាត្រូវភ្លើងឆាបឆេះខ្ទេចខ្ទីអស់ សមត្ថកិច្ចជួយអន្តរាគមន៏បាញ់ទឹកពន្លត់២ម៉ោង ទើបរលក់ជាស្ថាពរ តែទ្រព្យសម្បត្តិខូចខាតទាំងស្រុង
លោកវរសេនីយ៍ឯក សៅ សារឿន អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា ម្ចាស់ហាងទាំង៣ដែលត្រូវភ្លើងឆេះមានទី១ . ឈ្មោះសុខ ចាន់ថន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ មុខរបរលក់ខោអាវ
និងស្បែកជើងយុវវ័យ ទី២. ឈ្មោះនឹម គង្គា ភេទប្រុស អាយុ៣៩ ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត មុខរបរកាត់ដេរយីហោទេពប្រណិត ទី៣. ឈ្មោះជុច ចន្ថា អាយុ៤៥ឆ្នាំភេទប្រុស រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត មុខរបរលក់ផ្កាម្លិះ។
លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុ គេឃើញភ្លើងបានឆេះចេញពីផ្ទះទេពប្រណិតកាត់ដេរ ដោយផ្ទុះទុស្សេខ្សែភ្លើងនៅជាន់ឡៅតឿ ហើយបន្តឆេះពីឡៅតឿរាលដាលចុះមកក្រោម ហើយភ្លើងកំពុង
ឆេះនោះ សមត្ថកិច្ចបានបញ្ជូនរថយន្ត ពន្លត់អគ្គីភ័យចំនួន ៣ គ្រឿងទៅជួយអន្តរាគមន៏បាញ់ទឹកពន្លត់ មានរថយន្តអធិការដ្ឋានក្រុង ១គ្រឿង រថយន្តក្រុមហ៊ុនកាសុីណូស្តារវេហ្គាស់ ១គ្រឿង និងរថយន្តក្រុមហ៊ុនកាសុីណូត្រូពីកាណា១គ្រឿង ដោយការអន្តរាគមន៏បាញ់ពន្លត់នោះប្រើរយៈពេលប្រហែលជិតពីរម៉ោង ទើបអគ្គីភ័យត្រូវគ្រប់គ្រងបានហើយដោយមានកងកំលាំងទាំង៣អង្គភាពចូលរួមពន្លត់មាននគរបាល ពន្លត់អគ្គីភ័យក្រុងប៉ោយប៉ែត សហការជាមួយរថយន្តអគ្គីភ័យ
របស់កាស៊ីណូត្រូពិចកាណា កំលាំងអាវុធហត្ថក្រុងប៉ោយប៉ែតសហការ ជួយពន្លត់យ៉ាងសស្រាក់សស្រាំទើបរលត់អស់ដោយមិនអោយរាលដាលបន្ត។
លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ការខូចខាតភាគច្រើនជាសម្លៀកបំពាក់ ហូលផាមួងនៅហាងកាត់ដេរ ៕