(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ និងលោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី ជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាល បានបើកសន្និបាតបូកសរុបការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១។
កិច្ចប្រជុំនេះ បានព្រឹត្ដទៅនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកជើងព្រៃ ខេត្ដកំពង់ចាម។ សន្និបាតនេះ លោកបណ្ឌិត ម៉ាឈឿន បានលើកពីសកម្មភាពក្រុមការងារគណបក្ស ដែលសម្រេចបានក្នុងឆ្នាំ២០២០កន្លងទៅ និងលើកទិសដៅឆ្នាំ២០២១ រៀបចំជាកិច្ចការអាទិភាពដើម្បីធានាបានជ័យជម្នះជូនគណបក្ស សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ដែលត្រូវត្រៀមលក្ខណៈជាមុន ឲ្យបានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយ។
ជាពិសេស លោកបណ្ឌិត ម៉ា ឈឿន បានលើកឡើងពីផែនការមុខស្រួច ក្នុងការគ្រប់គ្រងការងារ ដើម្បីបម្រើ និងដោះស្រាយរាល់បញ្ហាខ្វះខាត ដែលប្រជាពលរដ្ឋតាមភូមិឃុំ ជួបប្រទះ។ លើសពីនោះ ក៏ត្រូវប្ដេជ្ញារួមគ្នា សាមគ្គីគ្នា ដើម្បីបម្រើសេវាសាធារណៈជូនប្រជាជនឱ្យបានល្អប្រសើរ និងកសាងជាតិឱ្យមានការចម្រើន ។
ក្នុងឱកាសនោះដែរ លោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី ក៏បានថ្លែងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺបានយកចិត្ដទុកដាក់គ្រប់ពេលវេលាទាំងអស់ លើសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេស សុខុមាលភាពពលរដ្ឋជាចម្បង ជាក់ស្ដែងក្នុងវិបត្ដិជំងឺកូវីដ១៩នេះ ការពារ និងជ្រោមជ្រែងកូនចៅមិនឱ្យនរណាម្នាក់ស្លាប់ដោយសារកូវីដ១៩ និងការអត់ឃ្លាននោះឡើយ។
គណបក្សប្រជាជនកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងប្រមុខដឹកនាំប្រទេសកម្ពុជាដ៏រឹងមាំ ឈ្លាសវៃ គឺតែងតែរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ។
ដូច្នេះ លោកស្រី បានជំរុញដល់ក្រុមការងារ ត្រូវខិតខំបន្ដកិច្ចការការងារដ៏ល្អបន្ថែមទៀត បម្រើប្រជាពលរដ្ឋ រួមទាំងការផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងសមទ្ធិផលថ្មីៗជូនពលរដ្ឋផងដែរ។
ជាមួយគ្នានោះ លោកបណ្ឌិត ម៉ា ឈឿន និងលោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា ដែលកន្លងមកនេះ បានបម្រើជាតិ និងប្រជាជនបានយ៉ាងល្អ រួមទាំងរួមគ្នាបន្ដបេ្ដជ្ញាពង្រឹងការងារឱ្យកាន់តែប្រសើរ ជូនប្រជាពលរដ្ឋ៕