(កំពង់ធំ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មានការប្រារព្ធពិធីបំពាក់កន្សែង ជូនយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យកំពង់ឈើទាលចំនួន៥២នាក់ ស្រី៣៥នាក់ ទីប្រឹក្សាចំនួន២នាក់ ក្រោមវត្តមានលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា លោក អ៊ុត សំអន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ លោកអភិបាលស្រុក និងលោក លោកស្រីជាច្រើនរូប។
លោក អ៊ុត សំអន បានលើកឡើងនូវគោលនយោបាយយុវជនកាកបានក្រហម ដោយសង្កត់ធ្ងន់លើសកម្មភាពរបស់យុវជនកាកបាទក្រហម ទាំងនៅក្នុងសាលារៀន ឫនៅតាមសហគមន៍នានា នោះជាសកម្មភាព ក្នុងវិស័យមនុស្សធម៌ និងជំរុញយុវជន ខិតខំសិក្សាដើម្បីទទួលនូវចំនេះដឹង និងសូមធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ។
លោកស្រី ពុំ ចន្ទីនី បានបញ្ជាក់ជូនថា ពិធីបំពាក់កន្សែងនេះមានសារសំខាន់ណាស់សំរាប់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សមេ្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ហើយនេះជាធនធានបន្ថែមទៀត សំរាប់កម្លាំងមនុស្សធម៌ហើយត្រូវពង្រឹងគោរពនូវច្បាប់ចរាចរណ៍។
លោកស្រីក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ពី សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ទីណាមានជនរងគ្រោះទីនោះមានកាកបាទក្រហម៕