(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាព នៃរដ្ឋបាលខណ្ឌប្ញស្សីកែវ បានប្រើវិធានការក្ដៅ ក្នុងការបន្តចុះបង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់ (ភ្នាល់បាល់តាមប្រព័ន្ធអ៉ីនធើណែត) មួយកន្លែង ដោយឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន១៣នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធសកម្មភាពមួយចំនួនធំទៀត។
ប្រតិបត្តិការក្នុងការបន្តចុះបង្ក្រាបល្បែងស៉ីសងខុសច្បាប់ មួយកន្លែងនេះ មានការចូលរួមដោយលោកអភិបាលរងខណ្ឌទទួលបន្ទុក, លោកនាយករដ្ឋបាលខណ្ឌ, ចៅសង្កាត់, មេភូមិ, កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌ-ប៉ុស្ដិ៍, ប្រជាការពារខណ្ឌ-សង្កាត់, និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដឹកនាំផ្ទាល់ដោយលោកអភិបាលខណ្ឌឫស្សីកែវ ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានអនុវត្តឡើង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នាថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២១។
បើតាមការលើកឡើង របស់លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាព នៃរដ្ឋបាលខណ្ឌឫស្សីកែវ នៅក្នុងទំហ៊ំនៃប្រតិបត្តិការឡោមព័ទ្ធបន្តបង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់មួយកន្លែង ដោយឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន១៣នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធសកម្មភាពមួយចំនួនធំនេះ គឺបានធ្វើឡើង ក្រោយបញ្ចប់ការស្រាវជ្រាវកន្លងមកតាមសេចក្ដីរាយការពីសំណាក់ប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់បទល្មើសចោរកម្មនានា ដូចជា អំពើលួច ឆក់ ប្លន់ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបថា នៅក្នុងទំហ៊ំប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៉ីសង (ភ្នាល់បាល់តាមប្រព័ន្ធអ៉ីនធើណែត) ក្រៅពីឃាត់ខ្លួនមនុស្សចំនួន ១៣នាក់ (ស្រី០៥នាក់) គឺដកហូតវត្ថុតាងមានដូចជា៖ ម៉ូនីទ័រចំនួន ២០គ្រឿង, CPUចំនួន ១៤គ្រឿង, ថវិកាចំនួន ១,០៤៤ដុល្លា និង ៥,៥៣៥,០០០រៀល , តុឈេីមូល ៣គ្រឿង, កៅអីជ័រ និងដែក ២៦គ្រឿង, ម៉ាសុីនព្រីនធ័រ ២គ្រឿង, ទូរទស្សន៍ ៤គ្រឿង, ម៉ូតូ ៤គ្រឿង និងកង់១គ្រឿងផងដែរ។
យ៉ាងណាក៏ដោយ ចំពោះវត្ថុតាង និងមនុស្សប្រុសស្រី សរុប១៣នាក់ នៅក្នុងទីតាំងល្បែងស៉ីសងខុសច្បាប់ (ភ្នាល់បាល់តាមប្រព័ន្ធអ៉ីនធើណែត) ដែលកម្លាំងគណៈបញ្ជាការឯកភាព នៃរដ្ឋបាលខណ្ឌឫស្សីកែវ ចុះឡោមព័ទ្ធបង្ក្រាបនេះ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌ ក្នុងការបន្តអនុត្តតាមនិតិវិធី៕