(ភ្នំពេញ)៖ លោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបរិច្ចាគប្រាក់បៀវត្ស ចំនួន ០៦ខែ ចាប់ពីខែមីនា ដល់ខែសីហា ឆ្នាំ២០២១ ជូនក្រសួងសុខាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ការចូលរួមបរិច្ចាគប្រាក់បៀវត្សរបស់ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បង្ហាញឱ្យឃើញនូវស្មារតីរួមសាមគ្គី និងរំលែកការលំបាកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនៅកម្ពុជា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានប្រកាសកាត់ប្រាក់បៀវរត្សប្រចាំខែរបស់សម្តេចរយៈពេល ៧ខែ ស្មើនឹងជិត ៦៤លានរៀលទៀត ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ក្រោយការបរិច្ចាគរបស់សម្តេចតេជោ ហ៊ុន សែន មានថ្នាក់ក្រសួងស្ថាប័នជាតិ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូប បានចូលរួមចែករំលែកប្រាក់បៀវត្សជាមួយក្រសួងសុខាភិបាល ដើម្បីប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះមន្ត្រីរាជការទាំងស្ថាប័នស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា៕