(ភ្នំពេញ)៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិចិន ០២នាក់ និងរឹបអូសគ្រឿងញៀនជិត១០គីឡូក្រាម នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជាក់ថា អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
មន្ត្រីនគរបាលដដែលបានបញ្ជាក់ថា ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៧) មានការសម្របសម្រួលពី លោក អ៊ុ សុភ័ក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ បង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន នៅចំណុចមុខបូរីប៉េងហូត(បឹងស្នោ) នៅតាមលើផ្លូវជាតិលេខ១ និងបន្តទៅឈានឆែកឆេរផ្ទះលេខ៣៥ ផ្លូវP០៤ ក្នុងបូរីប៉េងហួត(បឹងស្នោ) សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ០២នាក់៖ ១-ឈ្មោះ JIA ZHIYANG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ចិន (មេក្លោងធ្លាប់ជាប់គុក ១ឆ្នាំ ទើបចេញពីគុកបាន៣ខែ ពីបទរំលោភលើសេចក្តីទុកចិត្ត) និង២-ឈ្មោះ ZHANG LEILIN ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន។
គ្រឿងញៀនរឹបអូសបាន មេតំហ្វេតាមីន (ICE) សរុប៩ គីឡូក្រាម និង៧៨៣.៧៣ក្រាម។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕