(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា បច្ចុប្បន្នថ្វីត្បិតតែវិស័យកិច្ចការនារី មានការរីកចំរើន លើវិស័យ ផ្សព្វផ្សាយ ព័ត៌មាន យ៉ាងឆាប់រហ័សក្តី ក៏ប៉ុន្តែស្ត្រី ជាមេគ្រួសារ និងក្មេងស្រី នៅក្នុងប្រទេសកម្ពុជា នៅជួបបញ្ហាប្រឈមនៅឡើយ។បញ្ហាប្រឈមទាំងនោះ មានដូចជាការរំលោភបំពានផ្លូវភេទ ,អំពើហិង្សា លើស្ត្រីការជួញដូរផ្លូវភេទ, ការបោកបញ្ឆោត ការរើសអើង, ភាពក្រីក្រ និងសុខភាពទន់ខ្សោយជាដើម ។
លោកស្រី ម៉ែន សំអន លើកឡើងបែបនេះ ខណៈទទួលជួប សំដែងការគួរសមជាមួយនារីជាថ្នាក់ដឹកនាំ ក្រសួងពត័មាន ចំនួន២០រូប ដែលដឹកនាំដោយ លោកស្រី ខៀវ ទេពរង្សី ជាប្រធានកិត្ដិយសលើវិស័យ សមាគមនារី ក្នុងឱកាសចូលរួមគោរពសិទ្ធិនារី ៨មីនា ខាងមុខនេះ នៅក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី ២៤ កុម្ភៈនេះ ។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យមានបញ្ហាប្រឈមនេះ គឺដោយសារតែកង្វះការយល់ដឹងពីតម្លៃរបស់ស្ត្រី ការរើសអើងរបស់មនុស្សខ្លះក្នុងសង្គម ការភ្លើតភ្លើន ទៅតាម សម្ភារៈនិយម ការវិវឌ្ឍផ្នែកសេដ្ឋកិច្ច និងសង្គមនៅលើពិភពលោក និងនៅកម្ពុជា ការកើនឡើងនៃទេសន្តប្រវេសន៍ឆ្លងដែន ការកើនឡើងនៃសេវាកម្មទេសចរណ៍ ជាពិសេសក្នុងវិស័យ ឧស្សាហកម្មកំសាន្ត ការប្រើខុសទិសដៅ នៃបច្ចេកវិទ្យាទំនើប ដូចជាទូរស័ព្ទ និងបណ្តាញសង្គមទំនើប ដូចជាហ្វេសប៊ុកជាដើម។
រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចរូបនេះ បានបន្ដថា៖ បញ្ហាទាំងអស់នេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់ចេញនូវវិធានការជាក់លាក់មួយចំនួន ដើម្បីលើកកម្ពស់ សមភាពយេនឌ័រ ដូចជាការតែងតាំងស្ដ្រីជា អភិបាលរង រាជធានី, ខេត្ដ, ក្រុង, ស្រុក,ខណ្ឌ ការតែងតាំង ឲ្យមានស្រ្ដីជាថ្នាក់ដឹកនាំ ក្នុងកងកម្លាំងប្រដាប់អាវុធគ្រប់កម្រិត ការតែងតាំង និងបង្កើនឲ្យមាន ស្ដ្រីថ្នាក់ធ្វើសេចក្ដីសម្រេច នៅតាមក្រសួង ស្ថាប័ន និងអង្គភាពនានា និងសេចក្ដីណែនាំ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង្គអាចដល់ស្ដ្រី គ្រប់ក្រសួងស្ថាប័ន ត្រូវបង្កលក្ខណៈ ជ្រើសរើសប្រលងមន្ដ្រីរាជការឲ្យចូលបម្រើការងារ ត្រូវមានស្រ្ដីឲ្យបាន២០ ទៅ៥០ភាគរយ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាល បាន ពន្យារ អាយុមន្រ្ដី ដែលជាស្រ្ដីឲ្យចូលនិវត្ដន៍ ដល់អាយុ៦០ ឆ្នាំផងដែរ៕