(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន១០គ្រួសារ រស់នៅខាងត្បូងសណ្ឋាគារហូលីដេ ផ្លូវលេខ៨៤កែងផ្លូវលេខ៧៥ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានដាក់ពាក្យបណ្តឹងទៅអភិបាលខណ្ឌលោក គួច ចំរើន ក្រោយពីពួកគេមិនអាចរស់នៅបានសុខ ព្រោះតែសំឡេងបំពង់ស្រូបក្លិន នៅភោជនីយដ្ឋានចិនយីហោ ថាយជី បានបញ្ចេញកងរំពងរាល់ថ្ងៃរាល់យប់។
តំណាងប្រជាពលរដ្ឋទាំង១០គ្រួសារ បានប្រាប់ភ្នាក់ងារ Fresh Newsថា «ជារៀងរាល់យប់ រាល់ថ្ងៃនេះ នៅភោជនីយដ្ឋាននេះ បានបង្កការរំខានដល់ការរស់នៅរបស់យើងជាខ្លាំង ដេកពួនមិនបាន ដោយសារតែ សំឡេងរំខាន ម៉ាស៊ីន និងបំពង់ស្រូបក្លិនឆ្អេះឆ្អាបចេញពីក្នុងភោជនីយដ្ឋាន ដែលគេបំពាក់នៅផ្នែកខាងក្រោយ ត្រង់ចំហៀងត្បូង នៃភោជនីយដ្ឋាននោះ ហើយបណ្តាលឲ្យមានការប៉ះពាល់សុខភាពក្នុងការរស់នៅយ៉ាងខ្លាំងទៀតផង»។
ប្រជាពលរដ្ឋបានបន្តទៀតថាបញ្ហាពីផលនោះដែរ ពួកគាត់ធ្លាប់បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរសង្កាត់រួចមកហើយ មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់ព្រមទាំងបានលើកឡើងនៅក្នុងវេទិការសាធារណៈទៀតផងដើម្បីឲ្យអាជ្ញាធរជួយរកដំណោះស្រាយ ធ្វើយ៉ាងណាសំណូមពរឲ្យម្ចាស់អាជីវកម្មភោជនីយដ្ឋានខាងលើ ធ្វើការកែលំអរ ឬជួសជុលឡើងវិញ ដើម្បីកាត់បន្ថយសំឡេង ដែលឮចេញយ៉ាងខ្លាំងពីបំពង់ស្រូបក្លិន។ តែផ្ទុយទៅវិញ មិនដែលឃើញអាជ្ញាធរសង្កាត់ មានវិធានការចុះមកអន្តរាគមន៍ ដល់ម្ចាស់អាជីវកម្មនោះទេ ទើបពួកគាត់សម្រេចដាក់ពាក្យបណ្តឹងរួមគ្នាមួយច្បាប់ទៀត គោរពចូលទៅលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ ដោយសង្ឃឹមថា លោកអភិបាលខណ្ឌ នឹងចាត់មន្ត្រីជំនាញចុះមកពិនិត្យនូវផលប៉ះពាល់នេះជាក់ជាមិនខានឡើយ៕