(ភ្នំពេញ)៖ អ្នកខ្លាំងលើបញ្ហានយោបាយអន្តរជាតិ៥រូប នឹងជួបគ្នាលើវេទិកាជជែកពិភាក្សាមួយ រៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ស្អែកនេះ ដើម្បីជជែកពីនយោបាយ និងអានុភាពរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សម្រាប់ពិភពលោក។

អ្នកខ្លាំងទាំង៥រូប ដែលសុទ្ធសឹងជាបុគ្គលល្បីនៅក្នុងសង្គមកម្ពុជានេះរួមមាន៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោក ហ្សង់ ហ្វ្រង់ស័រ តាន់ អគ្គនាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ ផ្នែកខេមរភាសា និងជាអ្នកជំនាញភូមិសាស្ត្រអន្តរជាតិ, លោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ ប្រចាំប្រទេសកម្ពុជា, លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជានិពន្ធនាយកទូរទស្សន៍ PNN និងលោក មាស នី អ្នកវិភាគ និងតាមដានការអភិវឌ្ឍសង្គម។

លោក ចូ បៃដិន បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦ របស់អាមេរិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ បន្ទាប់ពីលោកបានយកឈ្នះលើអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតនាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រោយស្បថចូលកាន់តំណែងលោក ចូ បៃដិន បានដាក់ចេញនូវបន្ទាត់នយោបាយថ្មី ដែលផ្ទុយស្ទើរតែទាំងអស់ជាមួយ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក ពាក់ព័ន្ធនឹងនយោបាយការទូតអន្តរជាតិក្នុងនាមជាបងធំគ្រប់គ្រងសណ្តាប់ធ្នាប់ពិភពលោកនោះ។

លោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា ទម្លាក់ចោលអស់ការដើរតួជាបងធំកាងគ្រប់រឿងរបស់ពិភពលោក ដោយផ្តោតការគិតគូរជាសំខាន់ទៅលើប្រយោជន៍របស់ប្រជាជាតិអាមេរិក។

តែសម្រាប់លោក ចូ បៃដិន ក្រោយឡើងកាន់អំណាចភ្លាម ក៏ចាប់ផ្តើមប្រកាសក្រសោបយកមកវិញភ្លាមនូវភាពជាបងធំលើពិភពលោក ដោយចេញមុខអន្តរាគមន៍លើបញ្ហានានា រួមទាំងបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សផងដែរ។

ក្នុងវេទិកាជជែកនៅថ្ងៃស្អែកនេះ សំណួរសំខាន់ៗជាច្រើន នឹងត្រូវរំលេចឡើង ដើម្បីស្វែងរកចម្លើយពីវាគ្មិនល្បីៗទាំង៥រូប។ សំណួរដែលនឹងត្រូវលើកឡើង ដើម្បីស្វែងរកចម្លើយនោះមានដូចជា៖

* តើសណ្ដាប់ធ្នាប់ពិភពលោកនឹងប្រែប្រួលបែបណា?
* តើរដ្ឋបាលថ្មីរបស់ ចូ បៃដិន នឹងមាននយោបាយបែបណាទាក់ទងទៅនឹងប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅក្នុងពិភពលោក?
* តើអាស៊ាននៅចន្លោះ ចូ បៃដិន និង ស៊ី ជិនពីង នឹងមានអ្វីកើតឡើង?
* តើសមុទ្រចិនខាងត្បូងនឹងឡើងកម្ដៅឬយ៉ាងណា?
* តើកម្ពុជាក្នុងឋានៈជារដ្ឋដ៏តូចមួយ ត្រូវរាំក្រោមចង្វាក់ភ្លេងរបស់មហាយក្សចិននិងសហរដ្ឋអាម៉េរិកបែបណា?
* តើសហរដ្ឋអាម៉េរិកដែលជាស្ថាបនិកសណ្តាប់ធ្នាប់ពិភពលោក ក្រោយមកក្លាយជានគរបាលពិភពលោក នឹងបន្តទូលពិភពលោកដោយរបៀបណា?
* តើ ចូ បៃដិន មានចក្ខុវិស័យចំពោះពិភពលោកបែបណា?
* តើ ចូ បៃដិន នឹងប្រើយុទ្ធសាស្ត្រអ្វីដើម្បីខ្ទប់ចិននិងព័ទ្ធចិន?
* តើអ្វីដែលនឹងផ្លាស់ប្តូរ ហើយអ្វីដែលនឹងនៅដដែល?
* តើស្ថានការណ៍នយោបាយថ្មីៗនៅមីយ៉ានម៉ា នឹងក្លាយជាការសាកល្បងកណ្ដាប់ដៃប្រជាធិបតេយ្យរបស់ ចូ បៃដិន ដែរឬទេ?
* តើក្នុងអាណត្តិ ចូ បៃដិន អាចប្រើយុទ្ធវិធីដើម្បីឲ្យខ្លាចកំណាចមួយនៅអាស៊ី កូរ៉េខាងជើង ចូលតុចរចា និងឈានដល់បោះបង់កម្មវិធីនុយក្លេអ៊ែរ ដែរឬទេ ?
* តើទង្វើបំផ្លិចបំផ្លាញប្រទេសមួយ ក្រោមលេសសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក នៅតែបន្តដដែលឬយ៉ាងណា ក្នុងអាណត្តិរបស់ ចូ បៃដិន ? ហើយបើបន្តតើសហរដ្ឋអាមេរិក បាត់បង់ Credit ដែរឬទេ ?
* តើសង្រ្គាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក ជាមួយមហាអំណាចចិន នឹងទៅមុខទៀតដែរឬទេ ? បើបន្តអាចនឹងឈានដល់ពាណិជ្ជកម្ម Digital App ដែរឬទេ ?
* សូមការពន្យល់ពីវាគ្មិន តើប្រើអំណាចប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក ដើម្បីកម្ទេច Credit ប្រទេសមួយ (ធ្វើឲ្យពិភពលោកមើលឃើញប្រទេសមួយខ្មៅ) ពីសំណាក់សហរដ្ឋអាមេរិក នៅតែបន្តដែរឬទេ នៅក្នុងរដ្ឋបាលថ្មីនេះ៕