(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងលើកទឹកចិត្តឲ្យកូនប្រុសទាំង៣របស់សម្តេច និងកូនប្រសារប្រុសទាំង២នាក់ ព្រមទាំងកូនៗថ្នាក់ដឹកនាំ រួមទាំងថ្នាក់ដឹកនាំរដ្ឋមន្ត្រីវ័យក្មេង ដែលគ្រប់លក្ខខណ្ឌតម្រូវនោះ ទៅចាក់វ៉ាក់សាំងការពារកូវីដ១៩ ទាំងអស់ ដើម្បីបង្កើតទំនុកចិត្តដល់ប្រជាជនកម្ពុជា។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជំនួយរបស់ចិនលើកដំបូង ចំនួន៦០ម៉ឺនដូស ក្នុងចំណោម១លានដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។
ឆ្លើយតបនឹងសំណួររបស់អង្គភាពព័ត៌មាន Fresh News សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ដោយសារខ្ញុំមិនបានចាក់។ ខ្ញុំយល់ស្របជាមួយនឹងការរៀបចំឲ្យមានការចាក់វ៉ាក់សាំង ដោយប្រមូលកូនអ្នកធំ។ ខ្ញុំមានកូនប្រុស៣នាក់ កូនប្រសារ២នាក់ បើគេគ្រប់លក្ខខណ្ឌឲ្យគេទៅចាក់។ រដ្ឋមន្ត្រីរបស់យើងដែលមានវ័យក្មេងមួយចំនួន ដែលមានអាយុក្រោម៥៩ឆ្នាំ [...] សូមរៀបចំពេលវេលាចាក់វ៉ាក់សាំងឡើងវិញ ឲ្យផ្សាយបន្តផ្ទាល់ ហើយរើសមេទាហានមួយចំនួនចាប់ពីថ្នាក់ឧត្តមសេនីយ៍ មកចាក់នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីបង្ហាញនូវការទទួលខុសត្រូវរបស់យើង បើឪពុកមិនបានចាក់ កូនចាក់»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលអនុញ្ញាតឲ្យកូនៗរបស់សម្តេច និងកូនៗរបស់ថ្នាក់នាំ ព្រមទាំងរដ្ឋមន្ត្រីវ័យក្មេង ចាក់វ៉ាក់សាំងមុនគេនេះ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋ និងបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំងផងដែរ។
សូមជម្រាបថា ដំបូងឡើយសម្តេចតេជោ ហ៊ុន សែន គ្រោងនឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិន នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ប៉ុន្តែដោយសារតែសម្តេចទទួលបានលិខិតបញ្ជាក់ផ្លូវការពីស្ថានទូតចិន អំពីកត្តាអាយុ។ កត្តាអាយុ គឺវ៉ាក់សាំងស៊ីណូហ្វាម នេះមានប្រសិទ្ធភាពសម្រាប់មនុស្ស មានអាយុចាប់ពី១៨ឆ្នាំ ដល់៥៩ឆ្នាំ៕