(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានហៅក្រុមអ្នកប្រឆាំងទាំងក្នុងស្រុក និងក្រៅប្រទេសជា «ក្រុមឆ្កែកាច» ហើយសម្ដេចនឹងមិនឆ្លើយតប ឬមិនតបតជាមួយក្រុមនោះឡើយ។
បន្ថែមពីនេះសម្ដេចតេជោនាយករដ្ឋមន្ដ្រី បានប្រកាសទៀតថា សម្តេចនឹងមិននិយាយជាមួយតំណាងទូតណាទាំងអស់ ដែលនាំបញ្ហារបស់បុគ្គលមួយចំនួន ដែលសម្តេចហៅថា «ឆ្កែកាច» មកជជែកជាមួយសម្តេចទៀតទេ ព្រោះក្រុមនោះមិនមានតម្លៃសម្រាប់សម្ដេច ដែលត្រូវឆ្លើយឆ្លងនោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សុំអ្នកទាំងអស់គ្នាដែលគាំទ្រខ្ញុំ គាំទ្ររាជរដ្ឋាភិបាលឈប់តមាត់តកជាមួយក្រុមឆ្កែកាច យកល្អបំផុតកុំរលឹកឈ្មោះ [...] បើឈប់និយាយហើយ កុំថាឡើយតមាត់ជាមួយអ្នកនោះ ទោះបីជាស្ថានតំណាងទូតនានាមកនិយាយជាមួយខ្ញុំ ក៏ខ្ញុំអត់ឆ្លើយតបដែរ គឺមិននិយាយជាមួយតែម្ដង បើទោះបីអ្នកខ្លះថា ទុកឲ្យបរទេសមកចរចាជាមួយ ហ៊ុន សែន ខ្ញុំអត់មានការចាំបាច់ត្រូវនិយាយជាមួយអ្នកណា លើរឿងរបស់កម្ពុជាទេ លើរឿងបុគ្គលណាទេ»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា បើកាលណាសម្ដេចប្រកាសឈប់ឆ្លើយតប ហើយណែនាំឲ្យមន្ដ្រីថ្នាក់ក្រោមឈប់តបតទៀតនោះ មានន័យថា ទ្វារត្រូវបានបិទ។ ត្រង់ចំណុចនេះ គេអាចសន្និដ្ឋានបានថា រាល់ការចរចាណាមួយ គឺមិនអាចកើតឡើងបាននោះឡើយ ជាមួយក្រុមអ្នកនយោបាយប្រឆាំងទាំងនៅក្រៅប្រទេស និងក្នុងប្រទេស។
សម្ដេចតេជោ ហ៊ុន សែន បានណែនាំទៀតថា រាជរដ្ឋាភិបាលកម្ពុជា មិនខ្វាយខ្វល់ជាមួយនឹងអ្វីដែលមនុស្សមួយក្ដាប់តូចនិយាយនោះទេ អ្វីដែលរាជរដ្ឋាភិបាល ត្រូវគិតគូរ គឺសេចក្ដីសុខរបស់ប្រជាជនកម្ពុជា១៦លាននាក់ នៅក្នុងប្រទេស ដែលត្រូវរក្សាឲ្យបាននូវសន្ដិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រនៅតែធ្វើបន្ដ។
បើតាមសម្ដេចតេជោ ហ៊ុន សែន មនុស្សមួយចំនួនតូចមិនសប្បាយចិត្ត ទុកឲ្យអ្នកនោះមិនសប្បាយចិត្ត ហើយប្រទេសកម្ពុជា មានមនុស្សតិចណាស់ដែលនៅក្នុងគុក ឬក៏រត់ចោលស្រុក ព្រោះគេជាអ្នកបង្កើតរឿង ដូច្នេះសម្ដេចមិនមានអ្វីដែលត្រូវឆ្លើយតប និងប្រាប់មិនឲ្យសូម្បីតែរំលឹកឈ្មោះក្រុមនេះ។
និយាយអំពីក្រុមឆ្កែកាច ដែលសម្ដេចតេជោ ហ៊ុន សែន ទើបមានប្រសាសន៍នេះ បើទោះបីសម្ដេចបានលើកឡើងចំឈ្មោះក៏ពិតមែន ប៉ុន្ដែគេអាចសន្និដ្ឋានបានថា គឺជាក្រុមអ្នកនយោបាយប្រឆាំងដែលកំពុងរត់គេចខ្លួនទៅជ្រកកោននៅក្រៅប្រទេស ក្រោយប្រព្រឹត្តខុសនឹងច្បាប់រដ្ឋ ក៏ដូចជាអ្នកនយោបាយប្រឆាំងនៅក្នុងប្រទេសផងដែរ៕