(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសចិន ប្រមាណ៦០ម៉ឺនដូស ក្នុងជំហានដំបូង នាល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហើបអំពីគម្រោងចរចា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ពីប្រទេសថៃ និងប្រទេសរុស្ស៉ី បន្ថែមទៀត។
ការបង្ហើបឲ្យដឹងបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងសន្និសីទសារព័ត៌មាន ក្រោយពីទទួលបាន វ៉ាក់សាំងការពារកូវីដ១៩ របស់ចិន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «យើងអាចទទួលវ៉ាក់សាំង ពីប្រទេសថៃ គឺប្រភេទវ៉ាក់សាំង AstraZeneca ដែលនឹងផលិតចេញ ប្រមាណជាខែឧសភា ឆ្នាំនេះ យើងក៏អាចចរចារ ចុះកុងត្រាទិញពីឥលូវ [...] នេះជាជាច្រកមួយទៀត សម្រាប់យើង»។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា បើសិនជាវ៉ាក់សាំង AstraZeneca របស់អង់គ្លេស មកផលិតនៅប្រទេសថៃ វានឹងងាយស្រួល ព្រោះថា កម្ពុជា-ថៃ នៅជិតខាងគ្នា ហើយតម្លៃរបស់ វ៉ាក់សាំង AstraZeneca ក្នុងរង្វង់ប្រមាណ៤តែប៉ុណ្ណោះ។
បន្ថែមពីនោះទៀត សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានបន្ដទៀតថា ដូច្នេះ បើសិនជាវ៉ាក់សាំង AstraZeneca អាចផលិតបាននៅឆ្នាំនេះ ក្នុងប្រទេសថៃ ការបញ្ជាទិញវ៉ាក់សាំង១០លានដូសរបស់កម្ពុជា។ កម្ពុជាអាចប្រើប្រាស់ថវិកា របស់សប្បុរសជន មានការគ្រប់គ្រាន់ ហើយអាចសល់ទៀតផង។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ថវិកាដែលបានមកពីសប្បុរសជន បានសរុបចំនួន៥៧លានដុល្លារ ដូច្នេះ បើសិនជាត្រឹមតែ១ដូស តម្លៃ ៤-៥ដុល្លារ គឺយើងអាចមានលទ្ធភាព ទិញលើសចំនួន១០លានដូស»។
លើសពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏ពិចារណាក្នុងការស្វែងរក បញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសរុស្សីផងដែរ ខណៈដែលវ៉ាក់សាំងប្រទេសរុស្ស៊ី នាពេលបច្ចុប្បន្ន ត្រូវបានប្រទេសនៅអ៊ឺរ៉ុប អនុម័តឲ្យប្រើប្រាស់។
គូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់ប្រកាសហើយថា បើវ៉ាក់សាំងមួយដូស តម្លៃចន្លោះ៤ ទៅ៥ដុល្លារអាមេរិក គឺព្រះរាជអំណោយ ព្រះមហាក្សត្រ និងមហាក្សត្រី ព្រមទាំងការចូលរួម របស់ប្រជាពលរដ្ឋខ្មែរ ជាង៥៧លានដុល្លារ គឺល្មមគ្រប់គ្រាន់ប្រើប្រាស់៕