Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរដ្ឋទូតចិន៖ កម្ពុជាជាប្រទេសដំបូងគេ ដែលទទួលបានជំនួយវ៉ាក់សាំងកូវីដ-១៩ ពីចិន (Video inside)

07-02-2021 20:09

(ភ្នំពេញ)៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានថ្លែងថា កម្ពុជាបានក្លាយជាប្រទេសស្ថិត នៅក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ពីរាជរដ្ឋភិបាលចិន។

ការថ្លែងយ៉ាងដូច្នេះរបស់លោក វ៉ាង វិនធាន ធ្វើឡើងក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន៦០ម៉ឺនដូស នៃជំនួយ១លានដូស ដែលជាអំណោយរបស់រដ្ឋាភិបាលចិន ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក វ៉ាង វិនធាន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានក្តីសោមនស្សរីករាយជាទីក្រៃលែង ដែលបានចូលរួមពិធីប្រគល់ និងទទួលវ៉ាក់សាំងជំងឺកូវីដ១៩ ដែលជាអំណោយរបស់រដ្ឋាភិបាលចិន ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំក៏សូមបញ្ជាក់ជាពិសេសថា កម្ពុជាគឺស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ពីចិន»

លោកឯកអគ្គរដ្ឋទូតចិនបានថ្លែងថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺវីរុសកូវីដ-១៩មក រដ្ឋាភិបាលនៃប្រទេសទាំងពីរបានជួយគ្នាទៅវិញទៅមក ពុះពាររាល់ការលំបាកជាមួយគ្នា បានយកសកម្មភាពជាក់ស្តែងមកបង្ហាញពីអត្ថន័យនៃសុភាសិតខ្មែរមួយដែលតែងពោលថា «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»

លោក វ៉ាង វិនធាន បានបន្ថែមទៀតថា ថ្ងៃនេះ អំណោយវ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបសស់ចិនដំបូងគេចំនួន៦០ម៉ឺនដូស ត្រូវបានប្រគល់ជូនភាគីកម្ពុជា ក្នុងនោះក៏រាប់បញ្ចូលទាំងវ៉ាក់សាំងមួយចំនួន របស់កងទ័ពរំដោះប្រជាជនចិន ជូនដល់កងយោធពលខេមរភូមិន្ទនេះ បានបង្ហាញឲ្យឃើញពីមនោសញ្ចេតនាដ៏ពិសេស និងជ្រាលជ្រៅនៃប្រទេស និងកងទ័ពទាំងពីរ។ សង្ឃឹមថា វ៉ាក់សាំងទាំងអស់នេះនឹងរួមចំណែកយ៉ាងសកម្ម ក្នុងការជួយប្រទេសកម្ពុជាទប់ស្កាត់ជំងឺវីរុសកូវីដ-១៩។

លោកបន្តថា ភាគីចិនបានផ្តល់វ៉ាក់សាំង ជូនដល់ភាគីកម្ពុជាលើកនេះ គឺជាសកម្មភាពដ៏សំខាន់នៃការអនុវត្តការប្រកាស របស់ប្រធានាធិបតីចិន Xi Jinping ស្តីអំពីក្នុងការចាត់ទុកវ៉ាក់សាំងកូវីដ-១៩ជាទំនិញរួមរបស់ពិភពលោក»។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ប្រទេសចិន នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការទប់ស្កាត់នឹងជំងឺវីរុសជាមួយប្រទេសកម្ពុជា ដែលជាមិត្តដែកថែប នឹងបន្តផ្តល់ជំនួយទៅតាមលទ្ធភាព ដែលអាចធ្វើទៅបានជូនដល់មិត្តកម្ពុជា រហូតដល់ភាគីមិត្តអាចយកឈ្នះ ក្នុងការប្រយុទ្ធប្រឆំាងនឹងជំងឺវីរុសមួយនេះ។

ថ្លែងក្នុងឱកាសទទួលវ៉ាក់សាំងអំណោយរបស់ប្រទេសចិននេះ សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់រាជរដ្ឋាភិបាលចិន ចំពោះអំណោយវ៉ាក់សាំងនេះ។

សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិតជាមានការដឹងគុណរដ្ឋាភិបាល និងប្រជាចិន ដែលបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូស ក្នុងចំណោម១លានដូសដល់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ទោះបីជាកម្ពុជាទប់ស្កាត់បានទ្រង់ទ្រាយធំក៏ដោយ វ៉ាក់សាំងជាតម្រូវការដ៏សំខាន់មួយរបស់កម្ពុជា ក្នុងការយកឈ្នះជំងឺកូវីដ១៩៕