(តាកែវ)៖ ខណៈដែលសពលោក ឃុន ណូ កំពុងធ្វើបុណ្យតាមប្រពៃណី នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ, នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈនេះ លោក ឃឹម ជា ឳពុកក្មេកសពលោក ឃុន ណូ បានថ្លែងប្រាប់ឲ្យដឹងថា សពកូនរបស់គាត់មិនត្រូវបានអនុញាតឲ្យបើកមើលមុខនោះទេ ព្រោះខ្លាចឆ្លង ដោយនេះជាការហាមឃាត់ដោយមន្រ្តីក្រសួងសុខាភិបាល។
ក្រៅពីការហាមឃាត់បើកមើលមុខកូន, លោក ឃឹម ជា បានឲ្យដឹងទៀតថា នៅក្នុងរយៈពេល៤ថ្ងៃនៃការព្យាបាលជំងឺ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤នេះ ក្រុមគ្រួសាររបស់លោក បានចំណាយលុយជាង៣០០០ដុល្លារ ដោយក្នុងនោះលោកបានខ្ចីបុលគេខ្លះទៀតផង។ លោកបានបញ្ជាក់ថា ដោយថ្ងៃខ្លះចំណាយ៤០០ដុល្លារ ថ្ងៃខ្លះចំណាយ៣០០ដុល្លារ មិនមានការបន្ធូរបន្ថយនោះទេ បើទោះបីជាប្រភេទជំងឺដ៏កម្រ ជំងឺផ្តាសាយជ្រូកនេះក៏ដោយ ក៏មន្ទីរពេទ្យនៅតែយកតម្លៃពេញដដែល។
ឱពុកក្មេកសពលោក ឃុន ណូ បានរៀបរាប់ថា នៅថ្ងៃដំបូងចូលព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី មានការយកចិត្តទុកដាក់ សូម្បីមន្រ្តីអង្គការសង្គមស៊ីវិលមួយចំនួន ក៏បានចុះទៅពិនិត្យមើលស្ថានភាពជំងឺ និងជ្រោមជ្រោងផងដែរ។ នៅយប់ថ្ងៃទី២២-២៣ ស្ថានភាពជំងឺមានសភាពធម្មតា កំដៅធម្មតា ប៉ុន្តែចូលដល់ព្រឹកថ្ងៃទី២៤ បែរជាធ្លាក់ធ្ងន់ភ្លាមៗរហូតដល់ស្លាប់តែម្តង។
សូមជំរាបថា លោក ឃុន ណូ អ្នកបញ្ជាកាមេរ៉ាថតពីលើអាកាស (Drone) របស់ស្ថានីយ៍ទូរទស្សន៍ CNC-CTN-My TV ដែលបានទទួលមរណភាពក្នុងវ័យ២៩ឆ្នាំ នៅវេលាម៉ោងប្រមាណ ៤៖០០នាទី ទៀបភ្លឺ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយរោគាពាធ។ លោក ឃុន ណូ គឺជាអ្នកសារព័ត៌មានកម្ពុជា ដ៏មានស្នាដៃមួយរូប ហើយបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាន និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សូមជំរាបថា សព លោក ឃុន ណូ ត្រូវបានតំកល់ទុកធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព ក្នុងភូមិកល់គម ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ (ជិតផ្សាត្រាំកក់) ។ សពនឹងត្រូវបូជា វេលាម៉ោង ៨៖០០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦៕