(ភ្នំពេញ)៖ នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំប្រទេសកម្ពុជា បានប្រកាសថា រដ្ឋាភិបាលចិន នឹងបន្ដជួយដល់កម្ពុជាតាមលទ្ធភាពដែលខ្លួនមាន រហូតយកឈ្នះលើជំងឺកូវីដ-១៩ ដែលកំពុងតែវាយប្រហារពិភពលោក។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់-ទទួល វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជំនួយរបស់ចិនលើកដំបូង ជាមួយសម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក វ៉ាង វិនធាន បានថ្លែងយ៉ាងដូច្នេះថា «ចិននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការទប់ស្កាត់ជំងឺកូវីដ ជាមួយប្រទេសកម្ពុជា ដែលជាមិត្តដែកថែប នឹងបន្តផ្តល់ជំនួយទៅតាមលទ្ធភាព ដែលអាចធ្វើទៅបានជូនដល់មិត្តកម្ពុជា រហូតដល់ភាគីមិត្តអាចយកឈ្នះ ក្នុងការប្រយុទ្ធប្រឆំាងនឹងជំងឺវីរុសមួយនេះ»

លោក វ៉ាង វិនធាន បានគូសបញ្ជាក់ទៀតថា កម្ពុជា គឺស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ ពីចិន។ លោកបន្ដថា
ចាប់តាំងពីមានការផ្ទុះឡើង នៃជំងឺកូវីដ-១៩មក រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានជួយគ្នាទៅវិញទៅមក ពុះពាររាល់ការលំបាកជាមួយគ្នា ស្របតាមសុភាពសិតថា «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»

បើតាមលោកឯកអគ្គរដ្ឋទូត អ្នកជំនាញវេជ្ជសាស្រ្តចិន ខិតខំជួយភាគីកម្ពុជា ក្នុងការពង្រឹងសមត្ថភាព នៃការទប់ស្កាត់នឹងជំងឺកូវីដ-១៩ ហើយប៉ុន្មានថ្ងៃមុននេះ ក្រុមវេជ្ជបណ្ឌិត នៃកងទ័ពរំដោះប្រជាជនចិន បានរៀបចំវគ្គបណ្ដុះបណ្ដាល នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ភាគីកម្ពុជាបន្ថែមទៀតផងដែរ។

គួរជម្រាបថា ជំនួយវ៉ាក់សាំងកូវីដ១៩ របស់ចិន ជំហានដំបូង ចំនួន៦០ម៉ឺនដូស ត្រូវបានដឹកតាមយន្តហោះ មកដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោងជាង៤រសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ជំនួយនេះ ស្ថិតនៅក្នុងកញ្ចប់ជំនួយវ៉ាក់សាំង១លានដូស ដែលរដ្ឋាភិបាលចិនប្រកាសផ្តល់ជូនកម្ពុជា ខណៈដែល ៤០ម៉ឺនដូសទៀត នឹងមកដល់ជាបន្តបន្ទាប់ នៅពេលក្រោយ។

ពិធីទទួលជំនួយវ៉ាក់សាំងកូវីដ១៩ របស់ចិន ជំហានទី១ បានធ្វើឡើង នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសមភាគី លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជាមួយចំនួន រួមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចម្រុះស្ថាប័នផងដែរ។

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិន ចំនួន៦០ម៉ឺនដូសនេះ ជាប្រភេទវ៉ាក់សាំង Sinopharm ដែលផលិតដោយរដ្ឋាភិបាលចិន។ ក្រោយមកដល់ប្រទេសកម្ពុជា វ៉ាក់សាំង Sinopharm ទាំងនេះ នឹងត្រូវប្រគល់ជូនក្រសួងការពារជាតិចំនួន៣០ម៉ឺនដូស និងប្រគល់ជូនក្រសួងសុខាភិបាលចាត់ចែងចំនួន៣០ម៉ឺនដូស។

ជាការណែនាំ វ៉ាក់សាំង Sinopharm ទាំងនេះ តម្រូវឲ្យចាក់លើតែមនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ ប៉ុណ្ណោះ ហើយអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផលនៃការសិក្សាបន្តទៀតសិន។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា៕