(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិតជាមានការដឹងគុណដ៏ជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្ដល់នូវជំនួយវ៉ាក់សាំងកូវីដ-១៩ ចំនួន៦០ម៉ឺនដូស ជាជំហានទី១ ក្នុងចំណោម១លានដូស ជូនដល់កម្ពុជា។
ការថ្លែងបែបនេះ ក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីទទួលជំនួយវ៉ាក់សាំងកូវីដ១៩ របស់ចិន ជំហានទី១ នៅឯព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជាជាច្រើនរូប។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិតជាមានការដឹងគុណដ៏ជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្ដល់នូវជំនួយវ៉ាក់សាំង ចំនួន៦០ម៉ឺនដូស ជាជំហានទី១ ក្នុងចំណោម១លានដូស តាមរយៈក្រសួងការពារជាតិចិន ជូនដល់កងទ័ព និងប្រជាជនកម្ពុជា»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា វ៉ាក់សាំងស៊ីណូហ្វាម របស់ប្រទេសមិត្ដចិន ដែលត្រូវបានផ្ដល់មកកម្ពុជានេះ គឺជាប្រភេទវ៉ាក់សាំង ដែលត្រូវបានទទួលស្គាល់ថា ជាវ៉ាក់សាំងមួយ ដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់ សម្រាប់មនុស្សអាយុពី១៨ ដល់៥៩ឆ្នាំ។
បន្ថែមពីនោះទៀត វ៉ាក់សាំងស៊ីណូហ្វាម របស់ប្រទេសចិន ដែលត្រូវបានផ្ដល់មកកម្ពុជានេះ ក៏ត្រូវបានបញ្ជាទិញ ព្រមទាំងអនុម័តឲ្យប្រើប្រាស់ ដោយប្រទេសជាច្រើន នៅក្នុងតំបន់ និងលើសកលលោក។ នេះជាការបញ្ជាក់បន្ថែម របស់សម្ដេចតេជោ ហ៊ុន សែន។
សម្ដេចតេជោ បានថ្លែងថា ជំនួយវ៉ាក់សាំងនេះ គឺជាសាក្ខីភាពថ្មី ដ៏សំខាន់មួយទៀត ដែលឆ្លុះបញ្ចាំងអំពី ចំណងមិត្ដភាពដែកថែប និងកិច្ចសហប្រតិបត្ដិការដ៏រឹងមាំ រវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-ចិន នៅក្នុងក្របខណ្ឌនៃទំនាក់ទំនង កិច្ចប្រតិបត្ដិការជាយុទ្ធសាស្ដ្រ គ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមគ្នា។
ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ឲ្យដឹងផងដែរថា វ៉ាក់សាំងកូវីដ-១៩ គឺជាតម្រូវការយុទ្ធសាស្ដ្រ ដ៏សំខាន់មួយរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងការឈានទៅយកជ័យជំនះ លើកូវីដ-១៩។
សូមជម្រាបថា ជំនួយវ៉ាក់សាំងកូវីដ១៩ របស់ចិន ជំហានដំបូង ចំនួន៦០ម៉ឺនដូស ត្រូវបានដឹកតាមយន្តហោះ មកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងជាង៤រសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ ជំនួយនេះ ស្ថិតនៅក្នុងកញ្ចប់ជំនួយវ៉ាក់សាំង១លានដូស ដែលរដ្ឋាភិបាលចិន ប្រកាសផ្តល់ជូនកម្ពុជា ខណៈដែល៤០ម៉ឺនដូសទៀត នឹងមកដល់ជាបន្តបន្ទាប់ នៅពេលក្រោយ៕