(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះវិហារ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធីបតី ក្នុងពិធីប្រកាសផ្ទេរមុខតំណែងប្រធានក្រុមការងារយុវជន គណបក្សខេត្ត ដោយលោក អ៊ុក គឹមសាន ត្រូវបានតែងតាំងជំនួសលោក យុង គឹមហ៊ាង។
លោក អ៊ុក គឹមសាន ដែលទើបទទួលបានការតែងតាំងថ្មី បានសម្ដែងការប្ដេជ្ញាចិត្តដូចជា៖
* ពុះពារ និងយកចិត្តទុកដាក់ ក្នុងការបម្រើប្រជាពលរដ្ឋ និងឈានទៅសម្រេចភារកិច្ចជូនជាតិ មាតុភូម និងប្រជាជន។
* បន្ដជ្រោងទង់ស្នេហាជាតិ យកអស់កម្លាំងកាយចិត្ត និងសមត្ថភាព ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ គោលការណ៍ គោនយោបាយ សេចក្ដីសម្រេច និងសេចក្ដីណែនាំនានារបស់គណបក្សប្រជាជនកម្ពូជា និងគណៈកម្មាធិការគណបក្សខេត្តដោយឥតងាករេ។
* អនុវត្តឲ្យបានខ្ជាប់ខ្ជួនលក្ខន្ដិកៈគណបក្ស និងបទបញ្ជាផ្ទៃក្នុង សំដៅពង្រឹងធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឲ្យកាន់តែរឹងមាំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ដោយឈរលើគោការណ៍ «សមូហភាពដឹកនាំ បុគ្គលម្នាក់ៗទទួលខុសត្រូវ» ដើម្បីឆ្ពោះទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក្នុងឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដក្នុងឆ្នាំ២០២៣ និងឆ្នាំបន្ដបន្ទាប់ទៀត ដើម្បីទុកលទ្ធភាពជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បន្ដធ្វើជានាយករដ្ឋមន្រ្ដីដឹកនាំប្រទេសជាតិ ឲ្យកាន់តែទទួលបានសុខសន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍថ្មីៗបន្ថែមទៀត ទាំងខាងអាណាចក្រ និងពុទ្ធចក្រ។
* បន្ដរួមចំណែកជាមួយគណបក្សគ្រប់បណ្ដាថ្នាក់ និងរាជរដ្ឋាភិបាល ថែរក្សា និងការពារឲ្យបានគង់វង្ស នូវសុខសន្ដិភាព ស្ថេរភាពនយោបាយ និងសណ្ដាបធ្នាប់សង្គម ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីឲ្យរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខបន្ដអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែសម្បូរសប្បាយថែមទៀត សំដៅលើកម្ពុសជីវភាពរស់នៅរបស់ប្រជាជនពលរដ្ឋ ក៏ដូចជាកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដើម្បីឈានសម្រេចឲ្យបានជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ខាងមុខ។
* បន្ដខិតខំពង្រីករចនាសម្ព័ន្ធយុវជណគណបក្សនៅគ្រប់បណ្ដាថ្នាក់ ដោយធ្វើការសហការឲ្យបានជិតស្និតជាមួយ គណៈកម្មាធិការគណបក្ស និងសាខាបក្សនៅគ្រប់បណ្ដាថ្នាក់ ព្រមទាំងខិតខំកសាងសមាជិកបក្សជាថ្មី ជាយុវជនក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយដែលធ្វើបាន ស្របតាមគោការណ៍ «រក្សាចាស់ បង្កើនថ្មី» និងបំផុសចលនាយុវជនឲ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស។
* បន្ដសហការឲ្យបានជិតស្និត ជាមួយគណៈកម្មាធិការគណបក្ស និងសាខាបក្សនៅគ្របបណ្ដាថ្នាក់ ក្នុងការបំផុសចលនយុវជនឲ្យចូលរួមគាំទ្រ គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ស្របតាមអភិក្រម «សមាជិកបក្សម្នាក់ សន្លឹកឆ្នោតមួយសន្លឹក»។
* បន្ដគាំទ្រយ៉ាងពេញទំហឹងបេក្ខភាព សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើជានាយករដ្ឋមន្រ្ដីអាណត្តិ ២០២៣ និងអាណត្តិបន្ដបន្ទាប់ទៀត៕