(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា បើទោះបីជាប្រទេសកម្ពុជា ទប់ស្កាត់បានទ្រង់ទ្រាយធំនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេស ក៏ដូចជាក្នុងសហគមន៍ក្តី ប៉ុន្តែវ៉ាក់សាំងកូវីដ-១៩ នៅតែជាតម្រូវការដ៏សំខាន់របស់ប្រទេសកម្ពុជា ក្នុងការយកឈ្នះជំងឺកូវីដ-១៩។
ការបញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងពិធីទទួលជំនួយវ៉ាក់សាំងពីប្រទេសចិន ចំនួន៦០ម៉ឺនដូស ជាជំហានដំបូង នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានចូលរួមពីសមភាគី លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជាមួយចំនួន រួមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចម្រុះស្ថាប័នផងដែរ។
ជាមួយនឹងការទទួលវ៉ាក់សាំងកូវីដ-ចំនួន ៦០ម៉ឺនដូស ក្នុងចំណោម១លានដូសជាជំហានដំបូង ពីរដ្ឋាភិបាលចិន សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជំនួយវ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសចិននាពេលនេះ គឺជាសក្ខីភាពថ្មីដ៏សំខាន់មួយទៀត ដែលឆ្លុះបញ្ចាំងអំពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងប្រទេស និងប្រទេស និងប្រជាជនកម្ពុជា-ចិន នៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងការកសាងជោគវាសនារួមគ្នា។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទោះបីមកទាល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការណ៍ ប្រកបដោយប្រសិទ្ធភាព ក្នុងការគ្រប់គ្រងសភាពការណ៍នៃជំងឺឆ្លងកូវីដ-១៩ ដោយទប់ស្កាត់បានមិនឱ្យបានការរាលដាលក្នុងសហគមន៍ជាទ្រង់ទ្រាយធំ និងមិនឱ្យមានករណីបាត់បង់អាយុជីវិត របស់ប្រជាជនដោយសារជំងឺឆ្លងដ៏កាចសាហាវនេះក្តី ក៏យើងមានការយល់ដឹងយ៉ាងច្បាស់ថា វ៉ាក់សាំង គឺជាតម្រូវការជាយុទ្ធសាស្ត្រ ដ៏សំខាន់មួយរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈានទៅយកជ័យជម្នះលើជំងឺកូវីដ -១៩»។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ថ្វីត្បិតថាវ៉ាក់សាំងកូវីដ-១៩ មិនមែនជាដំណោះស្រាយមាសតែមួយគត់ សម្រាប់យកឈ្នះជំងឺកូវីដ-១៩ ដែលចាំបាច់ត្រូវអនុវត្តរួមគ្នាជាមួយនឹងវិធានការណ៍បង្ការ និងការពារដទៃទៀតក៏ដោយ ប៉ុន្តែ វ៉ាក់សាំង គឺជាដំណោះស្រាយគន្លឹះ និងជាយុទ្ធសាស្ត្រមួយ សម្រាប់ការពារអាយុជីវិតប្រជាជននៅក្នុងពេលចំពោះមុខ និងសម្រាប់លើកកម្ពស់សុខភាពសាធារណៈ នៅក្នុងរយៈពេលវែងទៅមុខ។ ពិសេសសម្រាប់ការធានាឱ្យសកម្មភាពសង្គម សេដ្ឋកិច្ចអាចដំណើរការពេញលេញឡើងវិញ ដែលនឹងជំរុញលើកស្ទួយការងើបឡើងវិញ នៃកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងស្មារតីនេះរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសុខាភិបាល ជាសេនាធិការ និងសម្របសម្រួលខាងបច្ចេកទេស បានសហការជាមួយដៃគូរពាក់ព័ន្ធរៀបចំរួចជាស្រេចនូវយុទ្ធសាស្ត្រកូវីដ-១៩ ដែលរួមបញ្ចូលនូវផែនការជាតិ ចាក់វ៉ាក់សាំងកូវីដ-១៩ និងគោលការណ៍ណែនាំប្រតិបត្តិសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង ព្រមទាំងយន្តការចាំបាច់សម្រាប់អនុវត្តកិច្ចការទាំងអស់នេះ។
សូមបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិន ចំនួន៦០ម៉ឺនដូសនេះ ជាប្រភេទវ៉ាក់សាំង Sinopharm ដែលផលិតដោយរដ្ឋាភិបាលចិន។ ក្រោយមកដល់ប្រទេសកម្ពុជា វ៉ាក់សាំង Sinopharm ទាំងនេះ នឹងត្រូវប្រគល់ជូនក្រសួងការពារជាតិចំនួន៣០ម៉ឺនដូស និងប្រគល់ជូនក្រសួងសុខាភិបាលចាត់ចែងចំនួន៣០ម៉ឺនដូស។
ជាការណែនាំ វ៉ាក់សាំង Sinopharm ទាំងនេះ តម្រូវឱ្យចាក់លើតែមនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ ប៉ុណ្ណោះ ហើយអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផលនៃការសិក្សាបន្តទៀតសិន។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា។
បច្ចុប្បន្ន ប្រទេសចិនបានផលិតចេញនូវវ៉ាក់សាំង២ប្រភេទ ដើម្បីបង្ការជំងឺកូវីដ១៩ ក្នុងនោះមាន វ៉ាក់សាំងស៊ីណូហ្វាម ( Sinopharm) ដែលផលិតដោយរដ្ឋាភិបាល និងវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដែលផលិតដោយក្រុមហ៊ុន Sinovac Biotech Ltd។ មកទល់ពេលនេះ មានប្រទេសយ៉ាងហោចចំនួន១៦ហើយ ដែលបានសម្រេចអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិនទាំងពីរ។ ក្នុងនោះ វ៉ាក់សាំងរបស់ Sinopharm ត្រូវបានអនុញ្ញាតឲ្យប្រើនៅ អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន ហុងគ្រី ស៊ែរប៊ី ប៉េរូ អ៉ីរ៉ាក់ ម៉ារ៉ុក អេហ្ស៉ីប ប៉ាគីស្ថាន និងកម្ពុជា។ រីឯវ៉ាក់សាំងរបស់ Sinovac ត្រូវបានអនុញ្ញាតឲ្យប្រើនៅ ប្រេស៉ីល ឥណ្ឌូណេស៉ី តួកគី ឈីលី កូឡុំប៊ី និង អាស៊ែបៃហ្សង់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាពេលកន្លងទៅ បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមបម្រុងវ៉ាក់សាំងចំនួន ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ១០លាននាក់ ដោយមិនគិតថ្លៃ ដែលនោះមានជំនួយ១១លានដូសផងដែរ៕