(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា វ៉ាក់សាំងស៊ីណូហ្វាម ពិតជាមានប្រសិទ្ធភាពខ្ពស់ លើមនុស្សអាយុពី១៨ ដល់៥៩ឆ្នាំ។ សម្ដេចបានថ្លែងបែបនេះនៅក្នុងឱកាសដែលសម្ដេចបានអញ្ជើញជាអធិបតីក្នុងពិធីទទួលជំនួយវ៉ាក់សាំងកូវីដ១៩ របស់ចិន ជំហានទី១ ដែលបានធ្វើឡើង នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាមួយនិងលោកលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
សម្ដេចបានមានប្រសាសន៍ថា «ខ្ញុំសូមគូសបញ្ជាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់មិត្តចិន ដែលត្រូវបានផ្ដល់មកឲ្យកម្ពុជានេះ គឺជាប្រភេទវាក់សាំងដែលជាប្រភេទ វាក់សាំងមួយដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាពសម្រាប់ស្រទាប់មនុស្សអាយុចន្លោះពី១៨ឆ្នាំ ដល់៥៩ឆ្នាំ។ ហើយត្រូវបានបញ្ជាទិញព្រមទាំងបានអនុម័ត ឲ្យប្រើប្រាស់ដល់ប្រទេសជាច្រើននៅក្នុងតំបន់ និងនៅក្នុងពិភពលោក»។
ជាមួយគ្នានេះសម្ដេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានរំពឹងថា «រាជរដ្ឋាភិបាលកម្ពុជារំពឹងថា ក្រៅពីជំនួយជំហានទី១នេះ មិត្តចិត្តនឹងបន្តរួមចំណែកយ៉ាងសំខាន់ ជាមួយដៃគូសំខាន់ៗទាំងឡាយរបស់យើង។ រួមមានមជ្ឈមណ្ឌលកូវ៉ាក់អូស្រ្តាលី ព្រមទាំងដៃគូ និងតួរអង្គពាក់ព័ន្ធផ្សេងទៀត។ ក្នុងការឆ្លើយតបទៅហ្នឹងសក្ខីកម្មចាំបាច់របស់កម្ពុជា។ ដើម្បីសម្រេចបាននូវផែនការជាតិវ៉ាក់សាំងកូវិត១៩»។
ជាមួយគ្នានេះសម្ដេចក៏បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ឲ្យបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍នូវវិធានការណ៍របស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធជាមួយជំងឺកូវិត១៩ ប្រកបដោយទំនួលខុសត្រូវ ដើម្បីធានាសុវត្ថិភាព និងសុខមាលភាពរបស់ប្រជាជន។ ហើយសម្ដេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យគោរព ជាមួយវិធានការការពារខ្លួនតាមវិធានសុខាភិបាល ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ព្រមជាមួយក្រុមគ្រួសារ និងសង្គមជាតិ។
សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសចិនបានផលិតវ៉ាក់សាំងប្រឆាំងជំងឺកូវីត១៩ ចំនួន២ប្រភេទ គឺវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm និងរបស់ក្រុមហ៊ុន Sinovac។ ក្នុងនោះ វ៉ាក់សាំងរបស់ Sinopharm ត្រូវបានអនុញ្ញាតឲ្យប្រើនៅ អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន ហុងគ្រី ស៊ែរប៊ី ប៉េរូ អ៉ីរ៉ាក់ ម៉ារ៉ុក អេហ្ស៉ីប ប៉ាគីស្ថាន និងកម្ពុជា។ រីឯវ៉ាក់សាំងរបស់ Sinovac ត្រូវបានអនុញ្ញាតឲ្យប្រើនៅ ប្រេស៉ីល ឥណ្ឌូណេស៉ី តួកគី ឈីលី កូឡុំប៊ី និង អាស៊ែបៃហ្សង់៕