(ភ្នំពេញ)៖ មន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន ខេត្តក្រចេះ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបញ្ជូនជនសង្ស័យចំនួន៥នាក់ ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីឃាត់ខ្លួនបាន កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ដោយពួកគេបានលួចចូលធ្វើសកម្មភាពបទល្មើសនៅតំបន់ព្រៃឡង់ ភូមិសាស្ត្រខេត្តក្រចេះ ដោយគ្មានការអនុញ្ញាត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យក្រសួងបរិស្ថាន។
ការសម្រេចចិត្តបញ្ជូនជនសង្ស័យទាំង៥នាក់នេះ ទៅតុលាការ ក្រោយមន្ត្រីឧទ្យានុរក្សបានធ្វើការសាកសួរ និងការប្រមូលភស្តុតាងបានគ្រប់គ្រាន់ នៃបទល្មើសរបស់ជនល្មើសទាំង៥នាក់ខាងលើ បានសារភាពថា ពិតជាបានលួចចូលតំបន់ដែនជម្រកសត្វព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងបានធ្វើសកម្មភាពដោយគ្មានការអនុញ្ញាត ហើយបានធ្វើកិច្ចសន្យាចំពោះមុខមន្ត្រីក្រសួងបរិស្ថាន បញ្ឈប់សកម្មភាពចូលក្នុងតំបន់ការពារធម្មជាតិ ដោយគ្មានការអនុញ្ញាតគ្រប់រូបភាព ដែលជាអំពើផ្ទុយនឹងច្បាប់រដ្ឋជាពិសេសផ្ទុយនឹងច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ។
ក្រុមជនល្មើសទាំង ៥នាក់ រួមមានទី១៖ អ៊ូច ឡេង ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា (មិនចុះបញ្ជី), ទី២៖ លោក ហេង ស្រស់, ទី៣៖ លោក ផៃ សុផុន ហៅ ម៉ាន ម៉ាត់, ទី៤៖ លោក តង ជាង និងទី៥៖ លោក ហេ រុន ដែលមន្ត្រីឧទ្យានុរក្សបានឃាត់ខ្លួនបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានអនុវត្តតាមនីតិវិធីច្បាប់ចំនួន២ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោយការសាកសួរ និងការប្រមូលភស្តុតាង។
សូមបញ្ជាក់ថា លោក អ៊ូច ឡេង ប្រធានអង្គការក្រុមកិច្ចការពិសេស សិទ្ធិមនុស្សកម្ពុជា និងគូកនបានលួចធ្វើសកម្មភាពដោយខុសច្បាប់ ក្រោមស្លាកអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា ដែលអង្គការនេះមិនបានចុះបញ្ជីស្របច្បាប់ នៅក្រសួងមហាផ្ទៃឡើយ។
មន្ត្រីឧទ្យានុរក្សជាមន្ត្រីនគរបាលយុត្តិធម៌ ដែលមានតួនាទីភារកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ អនុវត្តតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ក្នុងការទប់ស្កាត់និងបង្ក្រាបសកម្មភាពខុសច្បាប់ទាំងឡាយ ដែលប្រព្រឹត្តនៅក្នុងតំបន់ការពារធម្មជាតិ មិនថាជនណាឡើយ ឱ្យតែមន្ត្រីឧទ្យានុរក្សរកឃើញ និងប្រទះឃើញថា ប្រព្រឹត្តមិនស្របតាមច្បាប់ ត្រូវអនុវត្តតាមច្បាប់ជាធរមាន។
គួររំឭកថាកាលពីខែមីនា ឆ្នាំ២០២០ ក្រុមអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា បានធ្វើសកម្មភាពខុសច្បាប់ម្តងរួចមកហើយ និងត្រូវបានតុលាការតម្រូវឱ្យផ្អាកសកម្មភាពរហូតដល់លោក អ៊ូច ឡេង ប្រធានអង្គការនេះទៅចុះបញ្ជីអង្គការខ្លួន នៅក្រសួងមហាផ្ទៃជាមុនសិន មុននឹងធ្វើសកម្មភាពបន្តទៀត។
ក្រុមជនល្មើសមួយចំនួន ជ្រកក្រោមស្លាកសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលមិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ តាមច្បាប់ ឬគ្មានការអនុញ្ញាត និងកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថាន បានធ្វើសកម្មភាពផ្សេងៗ ក្នុងតំបន់ការពារធម្មជាតិដោយគ្មានច្បាប់អនុញ្ញាតដើម្បីបង្កើតជារបាយការណ៍ ផលិតរូបភាពផ្សេងៗ ជាពិសេសបង្កើតរូបភាព និងរបាយការណ៍បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាដើម្បីស្វះស្វែងរកការគាំទ្រថវិកា និងកៀរគរស្វែងរកជំនួយដើម្បីក្រុមបក្ខពួកខ្លួន។
តាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យក្រសួងបរិស្ថាន ដដែលបានបញ្ជាក់ថា ចម្លើយរបស់ក្រុមជនល្មើសបានបញ្ជាក់ថា ខ្លួនធ្វើសកម្មភាពនៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីថតរូបភាពស្វែងរកជំនួយគាំទ្រផ្នែកថវិកាពីម្ចាស់ជំនួយនានា។ នេះបានបង្ហាញយ៉ាងច្បាស់នូវបំណងទុច្ចរិត របស់ក្រុមជនមួយចំនួនដែលជ្រកក្រោមស្លាកអ្នកបរិស្ថាន និងសកម្មជនព្រៃឈើដែលប្រើវិធីសាស្ត្រស្មោគគ្រោក ដើម្បីផលប្រយោជន៍បក្ខពួកខ្លួន និងបម្រើឱ្យរបៀបវារៈទុច្ចរិត។
ក្រសួងបរិស្ថាន សូមអំពាវនាវនិងលើកទឹកចិត្តដល់ម្ចាស់ជំនួយមួយចំនួន សូមធ្វើការផ្តល់ជំនួយគាំទ្រចំពោះសមាគម និងអង្គការក្រៅរដ្ឋាភិបាលណា ដែលបានចុះបញ្ជីត្រឹមត្រូវ និងគោរពច្បាប់ដើម្បីលើកស្ទួយការអនុវត្តច្បាប់ និងលើកទឹកចិត្តចំពោះសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែលគោរពច្បាប់ត្រឹមត្រូវ និងមិនចិញ្ចឹមចលនាខុសច្បាប់ណាមួយឡើយ។
ក្រសួងបរិស្ថានស្វាគមន៍ជានិច្ចចំពោះការចូលរួមរបស់សមាគម និងអង្គការក្រៅរដ្ឋាភិបាលក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ តែត្រូវចូលតាមច្រកផ្លូវច្បាប់ជាធរមាន ដោយមិនមែនលួចធ្វើសកម្មភាពប្រាស់ចាកច្បាប់ជាធរមានឡើយ។ ជនទាំងឡាយដែលជ្រកក្រោមស្លាកអ្នកស្រឡាញ់បរិស្ថាន និងតែងតែប្រមាថច្បាប់ជាតិ គួររៀនគោរពច្បាប់ព្រោះកម្ពុជាជានីតិរដ្ឋ និងកុំចាត់ទុកខ្លួនជាក្រុមនៅក្រៅច្បាប់៕