(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ សភាពការណ៍ទូទៅការងារឆ្នាំ២០២០ និងទិសដៅឆ្នាំ២០២១ និងជំនួយស្មារតីស្តីពីការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំង ក្រុមប្រឹក្សាឃុំ/សង្កាត់ ឆ្នាំ២០២២ នៅទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។
ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ លោក ឆាយ ថន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត, លោក ហ៊ុន ម៉ានី អនុប្រធានទី១ ព្រមទាំងថ្នាក់ដឹកនាំ ក្រុមការងារថ្នាក់កណ្តាលចុះជួយ និងគណបក្សខេត្តកំពង់ស្ពឺ ដោយមានវត្តមានចូលរួមពី ក្រុមការងារចុះជួយឃុំ សង្កាត់ និងប្រធានគណៈកម្មាធិការបក្សឃុំ សង្កាត់ ទាំង៨៧ ទូទាំងខេត្តកំពង់ស្ពឺ។
កិច្ចប្រជុំនេះជាការជួបជុំក្រុមការងារគណបក្ស ទាំងថ្នាក់កណ្តាល និងមូលដ្ឋាន ដើម្បីស្តាប់នូវរបាយការណ៍សកម្មភាពគណបក្ស ដែលសម្រេចបានក្នុងឆ្នាំ២០២០កន្លងទៅ និងលើកទិសដៅឆ្នាំ២០២១ ព្រមទាំងការផ្សព្វផ្សាយជំនួយស្មារតី ស្តីពីការងារអាទិភាពឆ្ពោះទៅកាន់ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ឆ្នាំ២០២២។
ជាការដកស្រង់បទពិសោធន៍ ពីការបោះឆ្នោតកន្លងមក ក្រុមការងារបានរៀបចំជាកិច្ចការអាទិភាពដើម្បីធានាបានជ័យជំនះជូនគណបក្ស សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ដែលត្រូវត្រៀមលក្ខណៈជាមុន ឲ្យបានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយ។
ថ្លែងទៅកាន់សមាជិក សមាជិកា ដែលជាថ្នាក់ដឹកនាំក្រុមការងារចុះជួយឃុំ/សង្កាត់ និងគណបក្សឃុំ/សង្កាត់ លោក ឆាយ ថន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីគណបក្សគ្រប់ថ្នាក់ ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាជន ដែលស្តែងចេញតាមរយៈលទ្ធផលការបោះឆ្នោត កន្លងទៅ ជាពិសេសខេត្តកំពង់ស្ពឺ ដែលបានធានាជ័យជំនះជូនគណបក្សទាំងក្នុងពេលបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ/សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨។
លោក សំ រិទ្ធី តំណាងឲ្យក្រុមយុទ្ធសាស្រ្ត ក្រុមការងារគណបក្សចុះជួយខេត្ត បានសង្កត់ធ្ងន់លើការពង្រឹងសមាជិកគណបក្សទាំងបរិមាណ និងគុណភាព បន្តបង្កើនចំនួនសមាជិក គ្រប់ទិសទី ដើម្បីត្រៀមលក្ខណៈទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ជាពិសេសត្រូវបន្តចុះជួបសមាជិកបក្សដល់ ថ្នាក់ភូមិ។
សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺជាខេត្តដំបូងគេ ដែលបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជំនួយស្មារតី ស្តីពី ការងារអាទិភាពឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ/សង្កាត់ ឆ្នាំ២០២២ ទៅដល់ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់របស់ខ្លួន៕