(ភ្នំពេញ)៖ ជំនួយវ៉ាក់សាំងកូវីដ១៩ របស់ចិន ជំហានដំបូង ចំនួន៦០ម៉ឺនដូស ត្រូវបានដឹកតាមយន្តហោះ មកដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោងជាង៤រសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ជំនួយនេះ ស្ថិតនៅក្នុងកញ្ចប់ជំនួយវ៉ាក់សាំង១លានដូស ដែលរដ្ឋាភិបាលចិនប្រកាសផ្តល់ជូនកម្ពុជា ខណៈដែល ៤០ម៉ឺនដូសទៀត នឹងមកដល់ជាបន្តបន្ទាប់ នៅពេលក្រោយ។

ពិធីទទួលជំនួយវ៉ាក់សាំងកូវីដ១៩ របស់ចិន ជំហានទី១ បានធ្វើឡើង នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសមភាគី លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជាមួយចំនួន រួមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចម្រុះស្ថាប័នផងដែរ។

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិន ចំនួន៦០ម៉ឺនដូសនេះ ជាប្រភេទវ៉ាក់សាំង Sinopharm ដែលផលិតដោយរដ្ឋាភិបាលចិន។ ក្រោយមកដល់ប្រទេសកម្ពុជា វ៉ាក់សាំង Sinopharm ទាំងនេះ នឹងត្រូវប្រគល់ជូនក្រសួងការពារជាតិចំនួន៣០ម៉ឺនដូស និងប្រគល់ជូនក្រសួងសុខាភិបាលចាត់ចែងចំនួន៣០ម៉ឺនដូស។

ជាការណែនាំ វ៉ាក់សាំង Sinopharm ទាំងនេះ តម្រូវឱ្យចាក់លើតែមនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ ប៉ុណ្ណោះ ហើយអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផលនៃការសិក្សាបន្តទៀតសិន។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា។

បច្ចុប្បន្ន ប្រទេសចិនបានផលិតចេញនូវវ៉ាក់សាំង២ប្រភេទ ដើម្បីបង្ការជំងឺកូវីដ១៩ ក្នុងនោះមាន វ៉ាក់សាំងស៊ីណូហ្វាម ( Sinopharm) ដែលផលិតដោយរដ្ឋាភិបាល និងវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដែលផលិតដោយក្រុមហ៊ុន Sinovac Biotech Ltd។ មកទល់ពេលនេះ មានប្រទេសយ៉ាងហោចចំនួន១៦ហើយ ដែលបានសម្រេចអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិនទាំងពីរ។ ក្នុងនោះ វ៉ាក់សាំងរបស់ Sinopharm ត្រូវបានអនុញ្ញាតឲ្យប្រើនៅ អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន ហុងគ្រី ស៊ែរប៊ី ប៉េរូ អ៉ីរ៉ាក់ ម៉ារ៉ុក អេហ្ស៉ីប ប៉ាគីស្ថាន និងកម្ពុជា។ រីឯវ៉ាក់សាំងរបស់ Sinovac ត្រូវបានអនុញ្ញាតឲ្យប្រើនៅ ប្រេស៉ីល ឥណ្ឌូណេស៉ី តួកគី ឈីលី កូឡុំប៊ី និង អាស៊ែបៃហ្សង់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាពេលកន្លងទៅ បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមបម្រុងវ៉ាក់សាំងចំនួន ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ១០លាននាក់ ដោយមិនគិតថ្លៃ ដែលនោះមានជំនួយ១១លានដូសផងដែរ៕