(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានណែនាំដល់គ្រូពេទ្យ ត្រូវគោរព និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ដោយមិនត្រូវយកវិជ្ជាជីវៈនេះ ទៅធ្វើជាជំនួញនោះឡើយ។
លោកសាស្ត្រាចារ្យ បានថ្លែងបន្ដថា «ធ្វើពេទ្យមិនមែនធ្វើមុខជំនួញទេ, សូមមេត្តាកុំយកវិជ្ជាជីវៈមួយនេះ ធ្វើជាមុខរបបជំនួញឲ្យសោះ ហើយមិនមែនយកវិជ្ជានេះ ធ្វើមានធ្វើបានទិញឡានទំនើបជិះនោះទេ ព្រោះយើងមិនមែនជាអ្នកជំនួញ»។
លោកសាស្ត្រាចារ្យបានបន្តថា តម្លៃរបស់គ្រូពេទ្យមិនមែនសំដៅទៅលើការមានឡានទំនើបជិះនោះទេ គឺសំដៅទៅលើការងារវិជ្ជាជីវៈរបស់គ្រូពេទ្យម្នាក់ៗប៉ុណ្ណោះ។ ការថ្លែងបែបនេះ របស់លោកសាស្ដ្រាចារ្យ ក្នុងទិវាសល្យសាស្ត្រកម្ពុជាលើកទី២៦ នៅសណ្ឋាគារសាន់វេនៅថ្ងៃទី៦ ខែកម្ភៈ ឆ្នាំ២០២១។
លោកសាស្ត្រាចារ្យ ធា គ្រុយ បានបន្តទៀតថា «ការប្រកបវិជ្ជាជីវៈជាគ្រូពេទ្យ ត្រូវដឹងថាអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ត្រូវមានការប្រយ័ត្នប្រយែង ដើម្បីកុំឲ្យមានការប៉ះពាល់ដល់វិជ្ជាជីវៈយើង»។
លោកសាស្ត្រាចារ្យទទួលស្គាល់ថា បច្ចុប្បន្ននេះ គ្រូពេទ្យនៅមានចំណុចខ្វះខាតមួយចំនួន ដែលគួរបន្តកែលម្អ ទាំងសមត្ថភាព សីលធម៌វិជ្ជាជីវៈ ស្មារតីវិជ្ជាជីវៈគ្រូពេទ្យទាក់ទងនឹងអត្តចរិក ស្មារតី ការនិយាយស្តី ឬកពារមួយចំនួនតូច ទាំងនៅស្ថាប័នសាធារណៈ និងសេវាឯកជនក៏នៅមានការខ្វះខាតដែរ។
ជាមួយគ្នានោះ លោកសាស្ត្រាចារ្យ ឈឿន វុទ្ឍី ប្រធានសមាគមសល្យសាស្ត្រកម្ពុជា បានគាំទ្រចំពោះការលើកឡើងរបស់លោកសាស្ត្រាចារ្យ ធា គ្រុយ និងបានលើកឡើងថា គោលបំណងចម្បង ក្នុងទិវាសល្យសាស្ដ្រនេះ គឺដើម្បីធ្វើបច្ចុប្បន្នភាពនៃប្រសិទ្ធភាពការងារ ដើម្បីពង្រឹងបច្ចេកទេសរបស់គ្រូពេទ្យផ្នែកវះកាត់នៅទូទាំងប្រទេស ឲ្យបានជឿនលឿនទៅមុខដូចបណ្តាប្រទេសផ្សេងៗទៀត។
លោកបានបន្តថា ក្នុងនាមសមាគម យើងបានជជែកគ្នាពីសីលធម៌វិជ្ជជីវៈ ដើម្បីផ្តល់សេវាជួនពលរដ្ឋឱ្យបានល្អប្រសើរ និងជជែកគ្នា តើធ្វើយ៉ាងណាចំពោះអ្នកដែលមានកង្វះខាត ដើម្បីពង្រឹងសមត្ថភាព ក៏ដូចជាសីលធម៌វិជ្ជាជីវៈ ធ្វើឲ្យបានល្អជាងមុនក្នុងការអនុវត្តការងារប្រចាំថ្ងៃ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។ ប៉ុន្តែការអភិវឌ្ឍណាមួយ ក៏តែងតែជួបនឹងបញ្ហាប្រឈមផងដែរ៕