(ភ្នំពេញ)៖ ថ្នាំញៀនប្រភេទ Ketamine ចំនួនប្រមាណជា៤០០គីឡូក្រាម ត្រូវបានកងទ័ពជើងទឹក នៅការពារកោះពូលូវៃ ប្រទះឃើញក្បែរកោះ ពេលកំពុងល្បាត កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ ដែលខាងកងទ័ពសន្និដ្ឋានជាជំហានដំបូងថា ទំនងជាមានអ្នកផ្លុងចោល។
បន្ទាប់ពីបានប្រទះឃើញហើយនោះ យោធាបានប្រមូលយក មកប្រគល់មកកម្លាំងទីបញ្ជាការជួរមុខ គណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ដើម្បីចាត់ចែងបន្ត។
លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បាននាំយកថ្នាំញៀនទាំងនោះ មកដល់ទីបញ្ជាការដ្ឋានជួរមុខ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃ០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សមត្ថកិច្ចជំនាញពាក់ព័ន្ធ កំពុងសហការត្រួតពិនិត្យ តាមបច្ចេកទេស។
ទោះជាយ៉ាងនេះក្តី ភ្លាមៗសមត្ថកិច្ចចម្រុះ នៅមិនទាន់ស្រាវជ្រាវដឹង ពីប្រភពថ្នាំញៀននេះ និងកំពុងបន្តរាប់ចំនួនផ្លូវការ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕