(រតនគិរី)៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកលំផាត់ ខេត្តរតនគិរី បានឃាត់ខ្លួន និងដកហូតអាវុធវែង១ដើម ករណីប៉ុនប៉ងមនុស្សឃាត កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចចំការក្រូចមួយកន្លែង ស្ថិតក្នុងភូមិព្រួក ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី។
បើតាមជនរងគ្រោះឈ្មោះ ឈាង ម៉ុងខេង អាយុ៤៦ឆ្នាំ (ម្ចាស់ចំការ) ប្រាប់ឱ្យដឹងថាកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ គាត់បានទូរស័ព្ទណាត់ជាមួយឈ្មោះ ស៊ីម សុខនៅ (អ្នកមើលចំការ) ដើម្បីទូរទាត់សាច់ប្រាក់ លុះដល់ល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឈ្មោះ ស៊ីម សុខនៅ បានមកដល់ផ្ទះចំការរួមជាមួយមិត្តភក្តិម្នាក់ទៀត ឈ្មោះ ខុំ សាវ៉េត ដោយប្រដាប់ដោយអាវុធវែង១ដើម (មិនស្គាល់ម៉ាក) ឃើញដូច្នេះ រូបគាត់ក៏បានដណ្តើមយកអាវុធពីឈ្មោះ ស៊ីម សុខនៅ ដោយប្រតាយប្រតប់គ្នាមួយប្រាវ ហើយរូបគាត់បានចរចាជាមួយពួកគេ ដើម្បីពន្យារពេល។
លោក ឈាង ម៉ុងខេង បានបន្តថា ខណៈនោះដែលគាត់បានឆាតទូរស័ព្ទ ទៅសមត្ថកិច្ចនគរបាលខេត្តឱ្យជួយអន្តរាគមន៍មួយសន្ទុះ ក្រោយមកសមត្ថកិច្ចនគរបាលស្រុកលំផាត់ ចុះទៅដល់ហើយគាត់បានប្រគល់អាវុធវែង១ដើម, បង់១, គ្រាប់ចំនួន៥គ្រាប់ រួចនាំខ្លួនជនសង្ស័យទាំង២នាក់មក អធិការដ្ឋានស្រុកលំផាត់។
លោក ឈាង ម៉ុងខេង បានបញ្ជាក់ថា ឈ្មោះ ស៊ីម សុខនៅ បានស្នាក់នៅមើលចំការឱ្យលោករយៈពេល ៥-៦ឆ្នាំមកហើយ តែបុគ្គលនេះមួយរយៈពេលក្រោយមិនប្រឹងប្រែងធ្វើការងារទេ ហើយគម្រាមបើកប្រាក់ខែឱ្យគ្រប់ចំនួនជាក់ស្តែងនាំមិត្តភក្តិ និងអាវុធវែងមកគម្រាមដល់ចំការគាត់តែម្តង។
ប្រភពព័ត៌មានដោយឡែកទៀត បានប្រាប់ឱ្យដឹងថា ឈ្មោះ ខុម សាវ៉េត (ម្ចាស់អាវុធវែង) មានសាច់ញាតិជាអធិការរងស្រុកលំផាត់ ដូច្នេះតើអាវុធវែង១ដើមនេះ មានប្រភពមកពីណាសូមសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវឱ្យដល់ឫសគល់។
ប្រភពព័ត៌មានខាងលើបានបន្តថា ជនសង្ស័យទាំង២នាក់ ករណីប៉ុនប៉ងមនុស្សឃាតកំពុងមានអ្នកអន្តរាគមន៍ ដើម្បីសម្របសម្រួលក្រៅសំណាញ់ច្បាប់ ដោយបង្វែរសាច់រឿងពីបទប៉ុនប៉ងមនុស្សឃាតមកបទប្រើប្រាស់អាវុធខុសច្បាប់។
លោកវរសេនីយ៍ឯក មាស ពៅបូរ៉ា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ថាជនសង្ស័យទាំង២នាក់ខាងលើនេះកំពុងឃាត់ខ្លួន បណ្តោះអាសន្ននៅកន្លែងលោក ដើម្បីបន្តនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី៕