(ភ្នំពេញ)៖ ក្រសួងផែនការ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការគាំទ្រពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានចេញសេចក្តីប្រកាសព័ត៌មានរួមស្តីពី ការផ្សព្វផ្សាយរបាយការណ៍នៃ អង្កេតចន្លោះជំរឿនកសិកម្មកម្ពុជា ឆ្នាំ២០១៩។ នេះយោងតាមសេចក្តីប្រកាសរួមដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
ការធ្វើអង្កេតចន្លោះជំរឿនកសិកម្មឆ្នាំ២០១៩ នេះគឺជាការអង្កេតទ្រង់ទ្រាយធំលើកទីមួយនៅកម្ពុជាបន្ទាប់ពីការធ្វើជំរឿនកសិកម្មនៅឆ្នាំ២០១៣។ អង្កេតចន្លោះជំរឿនកសិកម្ម ឆ្នាំ២០១៩ ធ្វើឡើងក្រោមការជួយឧបត្ថម្ភពីរាជរដ្ឋាភិបាល ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) អង្គការ FAO និងមូលនិធិបៀល និងមីលីនដាហ្គេត (Bill and Melinda Gates)។
បើតាមសេចក្តីប្រកាសរួមមាន បានអង្កេតចន្លោះជំរឿនកសិកម្មឆ្នាំ២០១៩ បានប្រមូលព័ត៌មានស្តីពីការដាំដុះដំណាំ ការចិញ្ចឹមបសុសត្វ បសុបក្សី វារីវប្បកម្ម និងនេសាទ។ ការអង្កេតនេះបានប្រើវិធីសាស្ត្រស្ថិតិ ដើម្បីជ្រើសរើសសំណាកគំរូតំណាងមណ្ឌលអង្កេតនៅទូទាំងប្រទេសកម្ពុជា ពីក្របខ័ណ្ឌបញ្ជីនៃជំរឿនកសិកម្ម ឆ្នាំ២០១៣។
ការប្រមូលទិន្នន័យត្រូវបានធ្វើឡើងនៅចន្លោះខែកក្កដា និងខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមន្ត្រីរដ្ឋាភិបាលជាង ៤០០នាក់ មកពីវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ ការសម្ភាសន៍ជាង ១៦,០០០គ្រួសារ ត្រូវបានធ្វើឡើងជាមួយនឹងការកាន់កាប់កសិកម្មលក្ខណៈគ្រួសារ និងសហគ្រាសកសិកម្មខ្នាតធំ (មិនមែនគ្រួសារ)។
អង្កេតចន្លោះជំរឿនកសិកម្មកម្ពុជាឆ្នាំ២០១៩ បានប៉ាន់ប្រមាណថាមានផ្ទៃដីកសិកម្មសរុបចំនួន ១.៧២៦.០០០គ្រួសារ នៅក្នុងប្រទេសកម្ពុជា ឬស្មើនឹង ៥០ភាគរយ នៃគ្រួសារទាំងអស់នៅក្នុងប្រទេស (៣,៤៣៨,០០០គ្រួសារ តាមការអង្កេតសេដ្ឋកិច្ចសង្គមកម្ពុជា ឆ្នាំ២០១៧)។ សកម្មភាពដំណាំត្រូវបានរាយការណ៍ថាមានចំនួន ៨៨ភាគរយ នៃការកាន់កាប់កសិកម្មគ្រួសារទាំងអស់នៅក្នុងប្រទេសកម្ពុជា និង៧៥ភាគរយ នៃការកាន់កាប់កសិកម្មលក្ខណៈគ្រួសារបានរាយការណ៍ពីការចិញ្ចឹមបសុសត្វ បសុបក្សី ឬសត្វល្អិត៕
ខាងក្រោមនេះជាសេចក្តីប្រកាសរួមរបស់ក្រសួងផែនការ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖