(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតក្នុងវិបត្តិកូវីដ-១៩ ចំនួន ៩៩២គ្រួសារ នៅសង្កាត់ទាំង៤ ក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋមានជីវភាពខ្វះខាតទាំង ៤សង្កាត់ គឺនៅសង្កាត់ប៉ៃលិន សង្កាត់បរយ៉ាខា សង្កាត់ទួលល្វា និងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលបានទទួលអំណោយមនុស្សធម៌ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៤០គីឡូក្រាម មី ១កេស ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកបរិសុទ្ធវីតាល់ ១កេស, ឃីត ១កញ្ចប់ (ភួយ១, មុង១, កន្ទេល១) និងថវិកាចំនួន ៣ម៉ឺនរៀល។
ដោយឡែកគ្រួសារពិការ ចំនួន២៣នាក់ បានទទួលថវិកាឧបត្ថម្ភបន្ថែម ក្នុង១គ្រួសារៗចំនួន ៥ម៉ឺនរៀល ពីនាយឧត្តមសេនីយ៍ អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន៕