(ឧត្តរមានជ័យ)៖ លោកស្រី ហេង សំអាន ប៉ែន កុសល្យ ភរិយាលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា អភិវឌ្ឍន៍ខេត្តឧត្តរមានជ័យ អមដំណើរដោយភរិយាថ្នាក់ដឹកនាំខេត្ត និងក្រុមការងារសមាគមនារីខេត្ត នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ បានចុះសួរសុខទុក្ខសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ និងនាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនជនរងគ្រោះនៅក្នុងភូមិគោកភ្លុក សង្កាត់កូនក្រៀល ក្រុងសំរោង។

នៅក្នុងឱកាសនោះ លោកស្រី ហេង សំអាន ប៉ែន កុសល្យ បានថ្លែងនូវការចូលរួមសោកស្តាយជាមួយក្រុមគ្រួសាររងគ្រោះដោយសារករណីភ្លើងឆេះផ្ទះ និងអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងៗទៀត ត្រូវមានការប្រុងប្រយ័ត្ន មុនចាកចេញពីផ្ទះ ត្រូវបិទកុងតាក់ផ្តាច់ចរន្តអគ្គីសនី ត្រួតពិនិត្យមើលភ្លើង នៅចង្ក្រានបាយ ភ្លើងធូបទៀនពេលសែនព្រេងផ្សេងៗ ត្រូវពន្លត់ឱ្យបានត្រឹមត្រូវ បង្ការកុំឱ្យរងគ្រោះ និងខូចខាតទ្រព្យសម្បត្តិ ដូចករណីនេះផងដែរ។

លោកស្រីក៏បានណែនាំឱ្យប្រជាពលរដ្ឋ រក្សាអនាម័យក្នុងការរស់នៅ ពិសេសការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីការពារពីជំងឺកូវីដ-១៩។

អំណោយមនុស្សធម៌ដែលនាំមកប្រគល់នាឱកាសនេះមាន៖ គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ ១គ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម, ត្រីខ ០១យួរ, មី ០១កេស, ទឹកស៉ីអ៉ីវ ០១យួរ និងថវិកា៤០០,០០០រៀល និងបានចែកជូនប្រជាពលរដ្ឋ ៣០នាក់ ក្នុងមួយនាក់ ទទួលបានបានថវិកា ១០,០០០រៀល ប្រជាការពារភូមិ៣នាក់ ក្នុងមួយនាក់ទទួលបានថវិកា ៤០,០០០រៀល និងលោកមេភូមិ ២០,០០០ រៀលផងដែរ។

បន្ទាប់មកលោកស្រី ហេង សំអាន បានដឹកនាំក្រុមការងារបន្តដំណើរចុះសួរសុខទុក្ខកុមារីរងគ្រោះដោយអំពើរំលោភសេពសន្ថវៈ ឈ្មោះ ឌ.ស.ព អាយុ១៣ឆ្នាំ នៅសង្កាត់សំរោង ក្រុងសំរោង និងបាននាំយកអំណោយមនុស្សធម៌ចែកជូនជនរងគ្រោះដែលមានដូចជាអង្ករ ២៥ គីឡូក្រាម, ត្រីខ ០១យួរ, មី ០១កេស, ទឹកស៉ីអ៉ីវ ០១យួរ និងថវិកា ២៨៥,០០០ រៀល។

ជាមួយគ្នានេះដែរ លោកស្រីក៏បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជួយជួយស្រាវជ្រាវ និងវែកមុខជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដាច់ខាតមិនអាចឱ្យជនល្មើសរួចខ្លួនបានឡើយ៕