(សៀមរាប)៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងពន្លឿនការសាសង់ឲ្យបាន៦៧% ក្នុងឆ្នាំ២០២១នេះ ដើម្បីឲ្យបញ្ចប់ការសាងសង់ឈានទៅបំពេញលក្ខខ័ណ្ឌ ប្រតិបត្តិការរបស់អាកាសយានដ្ឋាន នាពាក់កណ្ដាលខែមីនា ឆ្នាំ២០២៣។
អ្នកជំនាញនៃក្រុមការងាររបស់ចិន ដែលកំពុងប្រតិបត្តិការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឲ្យដឹងថា នៅឆ្នាំ២០២១នេះ តាមផែនការការសាងសង់គម្រោងទាំងមូល គ្រោងនឹងសម្រេចឲ្យបានប្រមាណជា ៦៧% ដែលនៅក្នុងនោះ ការសាងសង់ស្ថានីយអ្នកដំណើរគ្រោងនឹងសម្រេចឲ្យបាន ៧៨% ការកសាងតំបន់ហោះហើរ គ្រោងនឹងសម្រេចឲ្យបាន ៤៥% និងសំណង់ហេដ្ឋារចនាសម្ព័ន្ធទូទៅរបស់អាកាសយាដ្ឋានគ្រោងនឹងសម្រេចឲ្យបាន ៥០%។ នេះគឺជាការឲ្យដឹងពីអ្នកជំនាញចិន ដែលបានឧទ្ទេសនាមជូនប្រតិភូរដ្ឋបាលខេត្តសៀមរាប ដែលដឹកនាំដោយលោក ទៀ សីហា អភិបាលខេត្ត ក្នុងដំណើរទស្សនកិច្ចស្វែងយល់អំពីវឌ្ឍនភាព នៃការដ្ឋានសំណង់ព្រលានយន្តហោះថ្មីនេះ នាថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
នៅក្នុងបទបង្ហាញនោះដែរ ក៏បានរំលឹកឲ្យដឹងថា ការដ្ឋានសាងសង់ស្ថានីយអ្នកដំណើរ ដែលចាប់ផ្តើមដំណើរការ នាពាក់កណ្តាលខែមិនា មកដល់ចុងឆ្នាំ២០២០ គឺសម្រេចបានប្រាមាណជា ១៥% ចំពោះសំណង់តំបន់ហោះហើរ ដែលចាប់ផ្តើមការដ្ឋាន នាពាក់កណ្តាលខែតុលា សម្រេចបានប្រមាណជា ១០%។
សូមបញ្ជាក់ថា ទីតាំងការដ្ឋាននេះ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ដែលមានចម្ងាយប្រមាណជា ៥១ គីឡូមែត្រពីក្រុងសៀមរាប ដែលព្រលានថ្មីនឹងធានាបានការហោះហើរ និងចុះចត មិនមានផលអវិជ្ជមាន ចំពោះប្រាសាទអង្គវត្ត និងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ។ ម៉្យាងទៀត ការសាងសង់អាកាសយានដ្ឋាននេះ ក៏រក្សាបាននូវបរិស្ថានធម្មជាតិទៀតផង។ ការសាងសង់នេះ គ្រោងនឹងបញ្ចប់ ដោយឆ្លងកាត់ការត្រួតពិនិត្យរបស់ក្រុមបច្ចេកទេសនិងអង្គភាពជំនាញ ឈានទៅបំពេញលក្ខខ័ណ្ឌប្រតិបត្តិការរបស់អាកាសយានដ្ឋាន នាពាក់កណ្ដាលខែមិនា ឆ្នាំ២០២៣។
រយៈពេលសរុបនៃការសាងសង់ ក្នុងរយៈពេល៣៦ខែ បើគិតចាប់ពីថ្ងៃបើកការដ្ឋាន ពាក់កណ្តាលខែមិនា ឆ្នាំ២០២០មក។ អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់ 4E មានផ្លូវរត់ប្រវែង ៣,៦០០ ម៉ែត្រ និងទទឹង ៤៥ម៉ែត្រ មានចំណតយន្តហោះចំនួន ៣៨ និងមានក្រឡាផ្ទៃស្ថានីយ៍អ្នកដំណើរជាង ៨ ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជាង ៧ លាននាក់។ អាកាសយានដ្ឋានអន្តរជាតិនេះ ត្រូវបានស្ថិតក្រោមកិច្ចព្រមព្រៀង BOT រយៈពេល៥៥ឆ្នាំ ដែលក្រោយពេលប្រតិបត្តិការត្រូវបានបញ្ចប់ គម្រោងនេះនឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងវិញ។
ក្នុងនោះអ្នកជំនាញក៏បានសំណូមពរដល់រដ្ឋបាលខេត្ត ក្នុងកិច្ចសហការជាមួយក្រុមហ៊ុន ក្នុងការជួយសម្រួលនូវបណ្តាញចរន្តអគ្គិសនី ដើមី្បបំពេញតម្រូវការក្នុងការប្រើបាស់ឲ្យបានគ្រប់គ្រាន់ នៅក្នុងបរិវេណអាកាសយានដ្ឋាន នៅពេលបើកដាក់ឲ្យដំណើរការហោះហើរ និងតភ្ជាប់បណ្តាញទឹកស្អាត ដើមី្បផ្គត់ផ្គង់ប្រើប្រាស់នៅអាកាសយានដ្ឋាននេះ និងតភ្ជាប់ប្រព័ន្ធអ៊ិនធើណែត ព្រមទាំងសុំជួយធ្វើការសម្របសម្រួលការធ្វើបណ្ណកម្មសិទ្ធដីផ្លូវចូលមកព្រលាន ដើមី្បធ្វើរបងការពារសុវត្ថិភាពទៀតផង។
លោក ទៀ សីហា បានឲ្យដឹងថា ការសាងសង់អាកាសយានដ្ឋាននេះ គឺជាការរួមចំណែកសម្រាប់អនាគតថ្មី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវ៉ៃ និងជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏សំខាន់រវាងកម្ពុជា និងចិន ហើយក៏ជាសក្ខីភាពមួយដែល បញ្ជាក់អំពីការខិតខំប្រឹងប្រែងយ៉ាងសកម្មនៃប្រទេសទាំងពីរ ក្នុងការជម្រុញកិច្ចដំណើរការគម្រោងខ្សែក្រវាត់មួយផ្លូវមួយ ជាមួយនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងនោះដែរ លោកអភិបាលខេត្តក៏បានលើកផងដែរថា រដ្ឋបាលខេត្តត្រៀមលក្ខណៈក្នុងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ ទៅតាមរាល់សំណូមពររបស់ក្រុមហ៊ុន ដែលបានលើកឡើង ហើយលោកក៏ទាមទាឲ្យមន្ទីរ អង្គភាពជំនាញ ចុះមកធ្វើការសិក្សាជាមុន ដើមី្បក្នុងការធានាឲ្យបានទៅតម្រូវការចាំបាច់នៃការប្រើប្រាស់ នៅក្នុងអាកាសយានដ្ឋាន និងធ្វើការជម្រុញដល់គណៈកម្មការ និងមន្ទីរជំនាញចុះធ្វើការពិនិត្យ និងកំណត់ព្រំដីឲ្យបានច្បាស់លាស់ជាមុនផងដែរ៕