(រតនគិរី)៖ ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ សិរិនថន បានយាងទត និងសោយព្រះក្រយា នៅរមណីយដ្ឋានបឹងយក្សឡោម ខេត្តរតនគីរី ដែលទីនោះព្រះអង្គម្ចាស់ក្សត្រី បានសាងសង់បង្គន់ទំនើបផ្ទាល់ខ្លួនមួយ ដែលមានតម្លៃរហូតដល់៤ម៉ឺនដុល្លារ។
បង្គន់នោះមានតម្លៃ៤ម៉ឺនដុល្លារ ទំហំ៨ម៉ែតការ៉េ បំពាក់ដោយម៉ាស៊ីនត្រជាក់ ហើយសាងសង់ដោយក្រុមហ៊ុនសំណង់ថៃ SCG រយៈពេល១៩ថ្ងៃ។ បង្គន់នោះគឺត្រូវបានធ្វើឡើង ថ្វាយសម្រាប់តែព្រះអង្គម្ចាស់ក្សត្រិយ៍ ដែលនឹងគង់សម្រាកនៅទីនោះ ហើយវានឹងត្រូវរុះរើចោលនៅពេលក្សត្រីយ៍អង្គនោះ យាងចាកចេញទៅវិញ នេះបើតាមការផ្សាយរបស់សារព័ត៌មានបរទេស។
ប៉ុន្តែនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ប្រធានមន្ទីរទេសចរណ៍ ខេត្តរតនគីរី បានឲ្យដឹងថា បន្ទប់អនាម័យរបស់ម្ចាស់ក្សត្រិយ៍ សិរិនថន ដែលគ្រោងនឹងរុះចោលវិញនោះ ត្រូវបានអាជ្ញាធរស្នើសុំទុកសម្រាប់បំរើជូនសាធារណជន។ អគារបន្ទប់អនាម័យនោះមានទំហំ៨ម៉ែត្រ និងចំនួន២បន្ទប់។
ព្រះអង្គម្ចាស់ក្សត្រីយ៍ថៃ សិរិនថន បានយាងមកដល់ប្រទេសកម្ពុជា នៅម៉ោង៨៖០០ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ដើម្បីបំពេញព្រះរាជទស្សនកិច្ច រយៈពេល៣ថ្ងៃ នៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះព្រះម្ចាស់ក្សត្រិយ៍ នឹងសម្ពោធសមិទ្ធផលមួយចំនួន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ កុម្ភៈ នឹងចាកចេញពីកម្ពុជានៅវេលាម៉ោង៨៖២០នាទីយប់ថ្ងៃនេះ ហើយអាចនឹងទៅដល់ទីក្រុងបាងកកនៅម៉ោងប្រមាណ៩៖៣០យប់៕