(ភ្នំពេញ)៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានផ្នែករាជធានី-ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាតំណាងលោក ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែករាជធានី-ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលចំនួន ១៦២នាក់ នៅគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១។
នាឱកាសនោះ លោក ហេង សួរ បានផ្តាំផ្ញើការសួរសុខទុក្ខទៅដល់សមាជិក-សមាជិកាពីសំណាក់លោក ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែគិតគូយកចិត្តទុកដាក់ដល់សមាជិក-សមាជិកាទាំងអស់ ដែលបង្ហាញពីកម្លាំងសាមគ្គីជាធ្លុងមួយក្នុងការចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងបុព្វហេតុកសាងសង្គមជាតិ។
លោក ហេង សួរ បានសម្ដែងនូវក្តីសប្បាយរីករាយ និងកោតសរសើរចំពោះក្រុមជំនួយការផែ្នករាជធានី-ខេត្ត នៃយុវជនគណបក្សប្រជាជាជនកម្ពុជាថ្នាក់កណ្តាល ដែលតែងតែបានចូលរួមឧបត្ថម្ភគាំទ្រដល់សកម្មភាពការងារសង្គមនាពេលកន្លងមក ជាពិសេសតាមរយៈការចូលរួមចំណែកបរិច្ចាគថវិកាជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ និងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សំាងចាក់ការពារជំងឺកូវីដ១៩ ជាដើម។
បេសកកម្មរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល គឺដើម្បីចូលរួមចំណែកជួយប្រជាជន និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ស្របតាមកម្មវិធីនយោបាយរបស់គណបក្ស ដែលយុវជនជាសសរទ្រូងនៃប្រទេសជាតិ។ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលអាចសម្រេចកិច្ចការដ៏មានសារៈសំខាន់នេះបាន គឺអាស្រ័យការចូលរួមយ៉ាងសកម្មពីក្រុមជំនួយការគ្រប់ផ្នែក ជាពិសេសក្រុមជំនួយការផ្នែករាជធានី-ខេត្ត ដែលត្រូវដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួលជាមួយផ្នែកពាក់ព័ន្ធផ្សេងទៀត និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានី-ខេត្ត។
លោកបានជម្រាបជូនអំពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច របៀបរបបធ្វើការរបស់ក្រុមជំនាញចំណុះផ្នែករាជធានី-ខេត្ត ការចាត់តាំងក្រុមជំនាញចំណុះផ្នែករាជធានី-ខេត្ត និងគោលការណ៍នានារបស់គណបក្ស ព្រមទាំងបានផ្សព្វផ្សាយអំពីវឌ្ឍនភាពក្នុងការខិតខំរៀបចំនូវប្រព័ន្ធការងារមួយ ដែលអាចធានាបាននូវប្រសិទ្ធភាពខ្ពស់ សម្រាប់ការចូលរួមសហការក្នុងការអនុវត្តការងារពីបណ្តាផ្នែកផ្សេងទៀត ជាពិសេសការត្រៀមអនុវត្តផែនការសកម្មភាពក្រុមការងារយុវជនគណបក្សរាជធានី-ខេត្ត ឆ្នាំ២០២១ ដែលនឹងក្លាយជាផែនទីចង្អុលផ្លូវ ដើម្បីយកទៅអនុវត្តឱ្យស្របតាមសូចនាករដែលបានកំណត់ ប្រកបដោយប្រសិទ្ធភាព និងអាចសម្រេចបានតាមផែនការដែលគណបក្សបានកំណត់ ក៏ដូចជាតាមគោលការណ៍ណែនាំរបស់ឯកឧត្ដមប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល៕