(ភ្នំពេញ)៖ សត្វត្រយងញីមួយក្បាល ដែលជាប្រភេទសត្វកម្រជិតផុតពូជបំផុតនៅលើពិភពលោក ត្រូវជួយសង្គ្រោះជីវិតពីការជាប់អន្ទាក់របស់ព្រានព្រៃ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ភូមិសាស្ត្រខេត្តរតនគិរី។ នេះជាការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

កាលពីខែមករាកន្លងទៅ ក្រុមមន្ត្រីអភិរក្សបានរកឃើញសំបុកសត្វត្រយងចង្កំ.ក.ស ដែលជាប្រភេទសត្វជិតផុតពូជចំនួន៥សំបុក នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ដែលជាសញ្ញាបញ្ជាក់ពីវត្តមានសត្វស្លាបដ៏កម្ររបស់កម្ពុជា មានឡើងវិញ។

រដ្ឋលេខាធិការបានឱ្យដឹងថា បច្ចុប្បន្នសត្វត្រយងយក្ស ដែលត្រូវបានជួយសង្គ្រោះនេះ ត្រូវបានប្រគល់ជូនមន្ត្រីជំនាញនៃអង្គការជីវិតសត្វស្លាបប្រចាំកម្ពុជា ដោយសហការជាមួយអង្គការ ACCB ដើម្បីជួយមើលថែរក្សា និងព្យាបាលស្នាមរបួសដែលជាប់អន្ទាក់។

លោក នេត្រ ភក្ត្រា បានថ្លែងយ៉ាងដូច្នេះថា «ប្រទេសកម្ពុជា គឺជាទីជម្រកដ៏ធំតែមួយគត់ នៅលើពិភពលោកសម្រាប់សត្វត្រយងយក្ស និងសត្វត្រយងចង្កំ.ក.ស ដែលជាប្រភេទសត្វដែលរងគ្រោះបំផុតជិតផុតពូជនៅលើពិភពលោក។ កម្ពុជាមានមោទនភាពដែលមានសត្វកម្រនេះ ហើយចាំបាច់ យើងទាំងអស់គ្នាត្រូវរួមគ្នាការពារ និងអភិរក្សសត្វដ៏កម្រប្រភេទនេះ ឱ្យបានគង់វង្សស្ថិតស្ថេរសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត ដើម្បីផលប្រយោជន៍នៃជីវៈចម្រុះពិភពលោកទាំងមូល»

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា យោងតាមការជំរឿនសត្វត្រយងរបស់អង្គការដៃគូនានា របស់ក្រសួងបរិស្ថាន ត្រយងយក្សដែលជាសត្វរងគ្រោះបំផុត នៅលើពិភពលោកមានចំនួនប្រមាណ៣០០ក្បាល ស្មើនឹង៩៩% នៃសត្វត្រយងយក្សរបស់ពិភពលោក ក្នុងនោះសត្វត្រយងយក្សពេញវ័យមានក្រោម ២០០ក្បាល។ ចំណែកសត្វត្រយងចង្កំ.ក.ស មានចំនួនជិត ៦០០ក្បាល ស្មើនឹងប្រមាណ៩៥% នៃសត្វត្រយងចង្កំ.ក.ស នៅលើពិភពលោក។

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅឆ្នាំ២០០៥ សត្វត្រយងយក្សត្រូវបានកំណត់ ដោយព្រះរាជក្រឹត្យជាសត្វស្លាបនិមិត្តសញ្ញាជាតិ របស់ប្រទេសកម្ពុជា។ សត្វត្រយងយក្សជាសត្វរងគ្រោះបំផុតជិតផុតពូជ ហើយសត្វនេះត្រូវបានការពារដោយច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។ ហេតុដូច្នេះ ហើយបានជារាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងអភិរក្សសត្វត្រយងក្ស និងស្វតត្រយងចង្កំ.ក.សនេះ ដោយប្រុងប្រយ័ត្នបំផុត។

បើតាមការឱ្យដឹងរបស់អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ក្រសួងបរិស្ថានបានសហការជាមួយអង្គការជាច្រើន ក្នុងនោះអង្គការសមាគមសង្គ្រោះសត្វព្រៃ WCS បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារ និងអភិរក្សសត្វត្រយងយក្ស និងសត្វត្រយងចង្កំ.ក.សនេះ តាមរយៈការអនុវត្តគម្រោងស្រូវសត្វត្រយង ដែលមិនត្រឹមតែធានាដល់ការផលិត ស្រូវសម្រាប់ប្រើប្រាស់ផ្គត់ផ្គង់ ក្នុងគ្រួសាររបស់ប្រជាពលរដ្ឋទេ ប៉ុន្តែ ធានាបាននិរន្តរភាពសម្រាប់ការប្រើប្រាស់ខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីគាំទ្រការអភិរក្ស ការពារសត្វព្រៃ ព្រៃឈើ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោក នេត្រ ភក្ត្រា បានថ្លែងថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ សត្វព្រៃគ្រប់ប្រភេទ ក្រសួងបរិស្ថានបានរៀបចំគោលនយោបាយ និងផែនការសកម្មភាពលើការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន របស់សហគមន៍តំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្នុង និងនៅជុំវិញតំបន់ការពារធម្មជាតិឱ្យមានជីវភាពធូរធារ។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានសង្កត់ធ្ងន់ថា «ទន្ទឹមនឹងគ្នានេះ សមត្ថកិច្ចនឹងពង្រឹងការអនុវត្តច្បាប់ តឹងរឹងបំផុតដើម្បីការពារ និងអភិរក្សសត្វត្រយងយក្ស និងសត្វត្រយ៉ងចង្កំកសដើម្បីជាផលប្រយោជន៍ សម្រាប់ជីវៈចម្រុះផង និងសម្រាប់ការទាក់ទាញភ្ញៀវទេសចរផង»

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានទិសដៅធ្វើយ៉ាងណាឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើ ដែលជាទម្លាប់មានពីយូរលង់ណាស់មកហើយ របស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន ដោយបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំកសិកម្ម និងដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្កា សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរ ដែលទៅទស្សនាកម្សាន្ត នៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ៕