(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងអំណរគុណនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានឧបត្ថម្ភកង់ ដល់ផែនការងារនគរបាលទេសចរណ៍ ដើម្បីជិះល្បាតការពារ សុវត្ថិភាព សន្តិសុខតាមបណ្ដោយឆ្នេរជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជានិច្ចកាល ឯកឧត្តម យកចិត្តទុកដាក់ អំពីកងកម្លាំងក្រោមឱវាទដោយផ្ដល់សម្ភារ មធ្យោបាយ ដើម្បីបំពេញភារកិច្ច បំរើជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន»។
ជាការកត់សម្គាល់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តែងតែដាក់កម្លាំងនគរបាលយាមប្រចាំការនៅតំបន់ឆ្នេរ ដើម្បីជួយអន្តរាគមន៍ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលជួបបញ្ហាផ្សេងៗ ក្នុងនោះមានដូចជា លង់ទឹក អំពើចោរកម្ម និងសុខភាពជាដើម ពោលកម្លាំងនគរបាលបានចេញទាន់ពេលវេលា ដើម្បីជួយសង្គ្រោះពួកគាត់ ដែលធ្វើឲ្យបងប្អូនមានទំនុកចិត្ត និងការជឿជាក់កាន់តែខ្ពស់៕