(ភ្នំពេញ)៖ ដោយសារពិភពលោក ក៏ដូចជាក្នុងតំបន់មិនទាន់រួចផុតពីវិបត្តិជំងឺកូវីដ១៩ ទើបប្រទេសសមាជិកអាស៊ាន និងអគ្គលេខាធិការអាស៊ានពិគ្រោះគ្នាយ៉ាងយកចិត្តទុកដាក់ និងសម្រេចឯកភាពគ្នាដាក់ទិសដៅជំរុញ ចលនាទេសចរក្នុងស្រុករៀងៗខ្លួន ពិសេសគឺជំរុញឱ្យភ្ញៀវទេសចរបានទៅទស្សនាដល់សហគមន៍ទេសចរណ៍ តំបន់ទេសចរណ៍ធម្មជាតិ ក៏ដូចជាតំបន់ទេសចរណ៍ជនបទឱ្យកាន់តែខ្លាំងក្លាជាងមុន។
នេះបើតាមការលើកឡើងរបស់លោក ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ ក្រោយបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី០៤-០៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមការរៀបចំរបស់ក្រសួងទេសចរណ៍កម្ពុជា នៅសណ្ឋាគារសូហ្វីតែភ្នំពេញភូកេត្រា។
លោក ទ្រី ឈីវ បានឱ្យដឹងថា ក្នុងចំណោមផែនការដែលអាស៊ានដាក់ចេញដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ ក៏មានការដាក់ទិសដៅសំខាន់មួយផងដែរ គឺការជំរុញចលនាទេសចរក្នុងស្រុករៀងៗខ្លួន ពិសេសគឺជំរុញឱ្យភ្ញៀវទេសចរបានទៅទស្សនាដល់សហគមន៍ទេសចរណ៍ តំបន់ទេសចរណ៍ធម្មជាតិ ក៏ដូចជាតំបន់ទេសចរណ៍ជនបទឱ្យកាន់តែខ្លាំងក្លាជាងមុន។
លោក ទ្រី ឈីវ បានបន្តថា អាស៊ានបានជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SME) នៅក្នុងវិស័យទេសចរណ៍ ដែលជាយុទ្ធសាស្ត្រមួយបង្កើតឱកាសការងារផ្សេងៗ ជាពិសេសផ្ដោតលើតំបន់ជនបទ។ យុទ្ធសាស្ត្រនេះ គឺផ្ដោតលើការអភិវឌ្ឍផលិតផលទេសចរណ៍ធម្មជាតិនៅតាមសហគមន៍ និងទេសចរណ៍ព្រឹត្តិការណ៍ ដូចជាពិធីបុណ្យទេសចរណ៍ជាដើម។
លោកបានបន្តទៀតថា សមាជិកអាស៊ានក៏បានឯកភាពគ្នាធ្វើការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងការជំរុញទេសចរផ្ទៃក្នុងនៃប្រទេសរៀងៗខ្លួន ដើម្បីចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ។
នាពេលកន្លងមក កម្ពុជាក៏ដូចជាអាស៊ានក៏បានយកចិត្តទុកដាក់ខ្ពស់ដែរទៅលើការអភិវឌ្ឍសមាគមន៍ទេសចរណ៍ ឬទេសចរណ៍ធម្មជាតិនេះ គឺបានចាត់ទុកជាអាទិភាពមួយដែល ប៉ុន្ដែដោយឆ្លងនូវវិបត្តិកូវីដ១៩នេះ អាស៊ានឃើញថាជាឱកាស ព្រោះថាមិនអាចធ្វើដំណើរទៅក្រៅប្រទេសបាន ដូច្នេះវាជាឱកាសមួយដែលអាចជំរុញទេសចរក្នុងស្រុក ហើយការជំរុញនេះក៏អាចជួយសម្រាលដល់អ្នកធ្វើការក្នុងវិស័យទេសចរណ៍តាមសហគមន៍ ឬនៅតាមតំបន់ជនបទ។
ច្បាស់ណាស់ថាវិស័យទេសចរណ៍ក្នុងស្រុកមិនអាចប៉ះប៉ូវទៅនឹងការខាតបង់លើវិស័យទេសចរណ៍អន្តរជាតិ ប៉ុន្ដែវាជាវិធីសាស្ត្រមួយ ដើម្បីជួយឲ្យគាត់នៅរស់រៀនមានជីវិត ដោយពួកគាត់អាចនៅបន្តការងារគាត់បាន។
បើតាមលោក ទ្រី ឈីវ អាស៊ានបានបង្កើនការយកចិត្តទុកដាក់បន្ថែមទៅលើការអភិវឌ្ឍ គឺការជំរុញទេសចរណ៍ក្នុងស្រុកររៀងៗខ្លួន តាមរយៈការចែករំលែកបទពិសោធន៍ ហើយនឹងមានកិច្ចប្រជុំគ្នាតទៅមុខទៀត។
ជាធម្មតា កម្ពុជាត្រូវធ្វើជាម្ចាស់វេទិការទេសចរណ៍អាស៊ានឆ្នាំ២០២១ នៅកម្ពុជា ប៉ុន្ដែដោយបញ្ហាកូវីដ អាស៊ានមិនអាចរៀបចំបានទល់មុខគ្នា រួមទាំងមិនអាចរៀបចំពិព័រណ៌ដែលវាជាព្រឹត្តិការណ៍មួយដ៏ធំ ដូច្នេះសមាជិកអាស៊ានក៏បានគាំទ្រកម្ពុជាឲ្យលើកការរៀបចំវេទិការទេសចរណ៍ពេញលក្ខណៈនេះទៅធ្វើនៅឆ្នាំ២០២២។
ជាលទ្ធិផលនៃការទន្ទឹងរងចាំរបស់ប្រទេសសមាជិកអាស៊ានចាប់ពីពេលនេះដល់ឆ្នាំ២០២២ ប្រទេសសមាជិកទាំងអស់គេទុកចិត្តកម្ពុជាក្នុងការដឹកនាំនូវកិច្ចប្រជុំផ្សេងៗដើម្បីឲ្យស្ដារឡើងវិញនូវវិស័យទេសចរណ៍ក្នុងតំបន់៕
សូមទស្សនាវីដេអូដែលបង្ហាញដោយលោក ទ្រី ឈីវ ដូចតទៅ៖