(ក្រចេះ)៖ ក្រុមការងារខេត្តក្រចេះ បានចុះទៅជួបមន្ត្រីមូលដ្ឋានដើម្បីប្រជុំពិភាក្សាការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្ស នៅក្នុងឃុំទាំង៦ នៃស្រុកឆ្លូង ស្ថិតតាមបណ្តោយត្រើយទន្លេមេគង្គគឺ ឃុំឆ្លូង កញ្ចរ ហាន់ជ័យ ខ្សាច់អណ្តែត ព្រែកសាម៉ាន់ និងពង្រ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ នាទីស្នាក់ការគណបក្សប្រជាជនស្រុកឆ្លូង ដឹកនាំដោយលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្ត ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រីថ្នាក់ដឹកនាំក្រសួង ស្ថាប័ននៅថ្នាក់ជាតិ ដែលជាប្រធាន អនុប្រធាន សមាជិកក្រុមការងារស្រុក ក្រុងទាំងអស់ក្នុងខេត្ត លោកអភិបាល អភិបាលរង និងមន្ត្រីខេត្ត អភិបាល អភិបាលរងស្រុក ព្រមទាំងអស់លោក លោកស្រីជាប្រធាន និងសមាជិកគណបក្សឃុំ ប្រធាន និងអនុប្រធានសាខាបក្សភូមិទាំង២៩ សរុបអ្នកចូលរួមមានចំនួន ២១៨នាក់។
ក្រោយពីរបាយការណ៍ និងការពិភាក្សាយ៉ាងផុសផុលរវាងក្រុមការងារជាមួយមេឃុំ និងប្រធានភូមិទៅលើរចនាសម្ព័ន្ធ របៀបរបបគ្រប់គ្រងសមាជិកគណបក្សពីថ្នាក់ឃុំ ភូមិ ដល់ក្រុមបក្ស និងសមាជិករួចមក លោករដ្ឋមន្ត្រីប្រធានក្រុមការងារ បានថ្លែងមតិទៅកាន់អង្គប្រជុំទាំងមូល ដោយសង្កត់ធ្ងន់ពីវត្ថុបំណងសំខាន់នៃការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្ស ឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ ស្របតាមស្មារតីសេចក្តីណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមមានជាអាទិ៍៖
* ការរួមសហការគ្នាជាកំលាំងសរុប ពីសំណាក់ក្រុមការងារគ្រប់ប្រភេទនៅមូលដ្ឋានក្នុងការសម្រេចកិច្ចការបំពេញលិខិតស្នាមទាំងឡាយ តាមគំរូមានស្រាប់ឱ្យបានម៉ត់ចត់ ត្រឹមត្រូវ ច្បាស់លាស់ ដើម្បីធានាការចុះបញ្ចីបច្ចុប្បន្នភាពសមាជិកគណបក្សមានលក្ខណៈឯកភាពនៅទូទាំងប្រទេស
* វិធីសាស្ត្រនៃការធ្វើបច្ចុប្បន្នភាព ត្រូវចុះផ្ទាល់ដល់ក្រុមបក្ស គ្រួសារបក្ស ខ្នងផ្ទះប្រជាជននីមួយៗផ្ទៀងផ្ទាត់ឱ្យបានជាក់លាក់ ប្រាកដប្រជាលើក្រដាសស្នាម និងបរិមាណជាក់ស្តែង ដើម្បីធានាថា សមាជិកម្នាក់គឺជាសន្លឹកឆ្នោតរបស់គណបក្សយើងមួយសន្លឹក សម្រាប់ការបោះឆ្នោតនាឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខ
សូមបញ្ជាក់ថា នៅក្នុងកម្មវិធីនេះដែរ ក្រុមការងារក៏បានផ្តល់ជូនឃុំនីមួយៗ និងឃុំកំពង់ដំរី នូវកុំព្យូទ័រ និងម៉ាស៊ីនព្រីនទ័រ ដែលជាអំណោយរបស់លោក ឆាន់ សាផាន់ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារស្រុកឆ្លូង៕