(កំពង់ចាម)៖ តំណាងរាស្ដ្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកជើងព្រៃ លោកបណ្ឌិត ម៉ា ឈឿន បានសំណូមពរឱ្យអាជ្ញាធរដែនដី បន្ដបម្រើប្រជាជនឱ្យអស់ពីលទ្ធភាព ដើម្បីសេចក្ដីសុខរបស់ប្រជាជន។
លើសពីនោះ ត្រូវបង្កើនកិច្ចការងារជួយសង្គ្រោះ និងដោះស្រាយនូវសំណូមពររបស់ប្រជាពលរដ្ឋបន្ថែមទៀត ជាពិសេសការលើកកម្ពស់ការងារ និងជីវិតភាពរស់នៅប្រចាំថ្ងៃ ឱ្យចៀសផុតពីផលលំបាកខ្វះខាតនានា។
ការថ្លែងបែបនេះ របស់តំណាងរាស្ដ្រមណ្ឌលកំពង់ចាម ក្នុងឱកាសសម្ពោធអំពូលភ្លើងសាធារណៈ ប្រើដោយថាមពលពន្លឺព្រះអាទិត្យ ចំនួន២៥៥បង្គោល នៅសាលាឃុំស្តើងជ័យ ភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងបន្ដថា «នេះហើយជាការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាយើង ធ្វើយ៉ាងណាកុំឱ្យទីក្រុងឃ្លាតឆ្ងាយពីជនបទ ត្រូវតែគៀកជិតគ្នា ប្រកបដោយភាពរីកចម្រើន ជូនពលរដ្ឋ។ យើងអាចធ្វើអ្វីៗបានដូចបច្ចុប្បន្ននេះ ក៏ដូចជាថ្ងៃអនាគត គឺដោយសារប្រទេសមានសុខសន្ដិភាព ត្រូវតែអរគុណសន្ដិភាព មានសន្ដិភាព ទើបនាំមកនូវអ្វីៗគ្រប់យ៉ាងទាំងអស់ ដែលបានផ្សារភ្ជាប់នឹងជីវភាពរស់នៅរបស់ប្រជាជនយើងផងដែរ»។
តំណាងរាស្ដ្រមណ្ឌលកំពង់ចាម លោកបណ្ឌិត ម៉ា ឈឿន បានបញ្ជាក់បន្ថែមថា «ប្រសិនបើយើងគ្មានសន្ដិភាពទេ មានសង្គ្រាម កុំថាឡើងថា ការសម្ពោធអំពូលភ្លើងនៅពេលនេះ សូម្បីតែជីវិតរស់នៅក៏មិនអាចរស់នៅបានដោយកក់ក្ដៅដែរ មានតែភាពវេទនា ព្រាត់ប្រាស់។ ដូច្នេះក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានកសាងប្រទេសជាតិយើង មានសុខសន្ដិភាពយ៉ាងពិតប្រាកដ»។
លោកបណ្ឌិត បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយ ដែលកើតចេញពីការគាំទ្ររបស់ប្រជាពលរដ្ឋ ហើយគណបក្សក៏បានធ្វើអ្វីគ្រប់យ៉ាងដើម្បីបម្រើប្រជាពលរដ្ឋ ដោយគ្រប់កាលៈទេសៈ គណបក្សប្រជាជនកម្ពុជា មិនទៅណាឆ្ងាយពីប្រជាជនទេ រួមសុខ រួមទុក្ខ ដូច្នេះនេះជាសច្ចៈធម៌ប្រវត្ដិសាស្ដ្រ គឺមិនអាចមាននរណាម្នាក់ មកបំភ្លៃប្រវត្ដិសាស្ដ្របាននោះទេ ។បើគ្មានគណបក្សប្រជាជនកម្ពុជាទេ កម្ពុជាមិនមានសុខសន្ដិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ននេះដែរ។
ក្នុងឱកាសនោះ លោកបណ្ឌិត ម៉ា ឈឿន ក៏បានសំណូមដល់កម្មករ-កម្មការិនី កុំជឿតាមការញុះញុង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម របស់ជនអគតិ ដែលគិតតែធ្វើបាតុកម្មទាមទារចុះឡើង ធ្វើឱ្យរោងចក្រគេបិតទ្វា នោះកម្មករទាំងអស់ នឹងបាត់ចំណូល និងអត្ថប្រយោជន៍ទាំងស្រុងផ្ទាល់ខ្លួនទាំង។ ជាក់ស្ដែងនៅស្រុកជើងព្រៃនេះ គ្រាន់តែចំណូលចូលមកស្រុកជើងព្រៃ តាមរយៈប្រាក់បៀរវត្សន៍របស់កម្មករ-កម្មការិនីរោងចក្រ រហូតដល់ទៅជាង៥លានដុល្លារ ក្នុងមួយខែ៕