(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយស្រុកកំពង់ស្វាយ ជំរុញអាជ្ញាធរមូលដ្ឋានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ទទួលខុសត្រូវ និងមានប្រសិទ្ធភាព។

លោកស្រីបានថ្លែងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

បន្ទាប់ពីលោក អ៊ុន បុត្ត បានអានរបាយការណ៍សង្ខេប និងលើកពីបញ្ហាប្រឈមមួយចំនួន នៅក្នុងមូលដ្ឋានរួចមក លោស្រី ឃួន ឃុនឌី បានលើកឡើង នូវចំណុចសំខាន់ៗ នៃសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ ព្រមទាំងទិសដៅភារកិច្ចឆ្នាំ២០២១ ដោយយោងតាមឯកសារលេខ ០១/០១២១ រប.គក ចុះថ្ងៃទី១៩ របស់គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា។

លោកស្រីបានជំរុញដល់ក្រុមការងារទាំងអស់ ត្រូវខិតខំផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងសមទ្ធិផលថ្មីៗ ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដោយមានភាពជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ក្រុមការងារចុះមូលដ្ឋាន ត្រូវប្រកាន់ខ្ជាប់នូវការដោះស្រាយដោយឈរលើ គោលការណ៍ទទួលខុសត្រូវ និងមានប្រសិទ្ធភាព ព្រមទាំងផ្តល់ឱកាសដល់ប្រជាពលរដ្ឋឲ្យមានការបញ្ចេញមតិយោបល់ ដោយមិនប្រកាន់បក្សពួក ឬនិន្នាការនយោបាយអ្វីឡើយ។

លោកស្រី ឃួន ឃុនឌី បានផ្តាំផ្ញើដល់ក្រុមការងារទាំងអស់ ត្រូវថែរក្សាសុខភាពពិសេសការពារជំងឺកូវីដ-១៩ ចូលរួមគោរពច្បាប់ចរាចរណ៍ អប់រំកូនចៅ ឲ្យចៀសឆ្ងាយពីគ្រឿងញៀន និងខិតខំជំរុញកូនឲ្យខិតខំរៀនសូត្រ ឲ្យបានខ្ពស់ ដើម្បីជួយអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើន។

បន្ថែមពីនេះ ត្រូវពង្រឹងសមាជិកចាស់ពង្រីកសមាជិកថ្មី ត្រូវមានការសាមគ្គីភាព ជាមួយសមាជិកបក្ស ដើម្បីធានារក្សាបាននូវភាពសុខដុមរមនា រក្សាប្រក្រតីភាព នៃជីវភាពសង្គម សេដ្ឋកិច្ចប្រជាជន ជួយឧបត្ថម្ភគាំទ្រដល់ជនរងគ្រោះ និងជនងាយរងគ្រោះ នៅក្នុងមូលដ្ឋាន ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

លោកស្រីបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ឲ្យធ្វើអំពើល្អជាគម្រូល្អដល់ប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋជឿទុកចិត្តមកលើអាជ្ញាធរមូលដ្ឋានរបស់ខ្លួន ដោយមិនប្រកាន់និន្នាការនិយោបាយ ជាតិសាសន៍ ពណ៌សម្បូរនោះឡើយ៕