(ភ្នំពេញ)៖ ទីតាំងណេត១ ត្រូវសមត្ថកិច្ចចុះបង្រ្កាប និងឃាត់មនុស្សចំនួន៤នាក់ កាលវេលាម៉ោង ១១៖៣០នាទី ព្រឹកថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២១ នៅចំណុចផ្ទះជួលលេខ៨២៩A តាមផ្លូវព្រះមុនីវង្ស ស្ថិតនៅភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

លោក យិន សាន អធិការខណ្ឌចំការមន បានឲ្យដឹងថា សម្រាប់ទីតាំងខាងលើ ដែលលួចបើកល្បែងស៊ីសងខុសច្បាប់ ត្រូវបានអាជ្ញាធរមូលដ្ឋាន និងប៉ុស្តិ៍រដ្ឋបាល ធ្លាប់ចុះទៅណែនាំត្រួតពិនិត្យច្បាប់អាជីវកម្ម ហើយពេលនោះមិនមាន ច្បាប់ក៏ឲ្យផ្អាកទៅ។

លោកបន្តថា ទោះមានការណែនាំក៏ដោយតែម្ចាស់ទីតាំងនៅតែមិនទៅសុំច្បាប់ ហើយលួចបើកលេង ២៤ម៉ោង ទើបលោកបានបញ្ជាលោក ផន អូន អធិការរងនគរបាលទទួលផ្នែកព្រហ្មទណ្ឌ សហការជាមួយប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ ចុះបិទទីតាំង និងដកហូតសម្ភារ ក្នុងនោះមានកុំព្យូទ័រ១៧គ្រឿង កៅអីជ័រចំនួន១៧ ព្រមទាំងឃាត់មនុស្សចំនួន៤នាក់ (អ្នកមើលការខុសត្រូវម្នាក់, អ្នកលេង២នាក់ និងសន្តិសុខម្នាក់) យកទៅអធិការដ្ឋានសួរនាំរួច និងឲ្យគ្រួសារមកធានាយកត្រឡប់ទៅវិញ៕