(បាត់ដំបង)៖ នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានពិធីបើកបវេសនកាល និងប្រកាសមុខតំណែងគណៈគ្រប់គ្រងថ្មី នៃសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធិបតីភាព លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យ។
បន្ទាប់ពីលោក នៀ សុផន ប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួងអប់រំ យុវជន និងកីឡា បានអានព្រះរាជក្រឹត្យ និងអនុក្រឹត្យស្តីពីការតែងតាំងមុខតំណែងសាកលវិទ្យាធិការ និងសាកលវិទ្យាធិការរងមួយរូប នៃសាកលវិទ្យាល័យជាតិបាត់ដំបងរួចមក លោក សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានថ្លែងសុន្ទរកថាស្វាគមន៍ ស្តីពីការបណ្តុះបណ្តាល និងការប្តេជ្ញាចិត្តជូនចំពោះថ្នាក់ដឹកនាំ បុគ្គលិក និងប្អូនៗ និស្សិតចំពោះឆ្នាំសិក្សាថ្មីនេះ។
ក្នុងឱកាសនោះ លោក ស សុខា បានធ្វើការកោតសរសើរ ចំពោះគណៈកម្មការគ្រប់គ្រង សាកលវិទ្យាល័យ និងសាកលវិទ្យាធិការ ដែលមានគំនិតផ្តួចផ្តើម និងបំពេញ ភារកិច្ចរបស់ខ្លួនប្រកបដោយ ស្មារតី ទទួលខុសត្រូវខ្ពស់ និងជោគជ័យជាបន្តបន្ទាប់ក្នុងរយៈពេលមួយដ៏ខ្លីបំផុត។ ជាពិសេស លោកពិតជាមានមោទនភាពក្រៃលែង ចំពោះយុទ្ធសាស្ត្រទីផ្សារ ដែលបានដាក់ចេញប្រកបដោយភាពជោគជ័យគួរឲ្យកត់សំគាល់។
លោក ស សុខា ក៏បានណែនាំ និងផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងនូវខ្លឹមសារមួយចំនួនរួមមាន៖
*ទី១៖ សាកលវិទ្យាល័យ បន្តពង្រឹងកិច្ចសហការល្អ ក្នុងការបំពេញ ភារកិច្ច ពង្រឹងសាមគ្គីភាពពផ្ទៃក្នុង បង្កើនស្មារតីទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន គោរពឋានានុក្រម ការងារគោរពគោលការណ៍ បទប្បញ្ញត្តិ បំពេញការងារ ដោយផ្អែកទៅលើផែនការជាមូលដ្ឋាន ព្រមទាំងធ្វើការពិនិត្យ តាមដាន និងវាយតម្លៃលើលទ្ធផលនៃការបំពេញ ការងារឲ្យបានជាប់ជាប្រចាំ ដើម្បីរកឲ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដាក់ចេញនូវដំណោះស្រាយ។
*ទី២៖ សាកលវិទ្យាល័យ បន្តដើរតួជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៏ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ព្រមទាំងត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេក វិទ្យាព័ត៌មាន និងភាសាបរទេស ដើម្បីយកចំណេះដឹងថ្មីៗ គរុកោសល្យថ្មីៗ មកបង្ហាត់បង្រៀនដល់និស្សិតឲ្យមានចំណេះដឹងទូលំទូលាយ និងអភិវឌ្ឍន៍ខ្លួន ទៅជាពលរដ្ឋសកល និងជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត
*ទី៣៖ សាកលវិទ្យាល័យ បន្តអភិវឌ្ឍន៍ និងធ្វើទំនើបកម្មកម្មវិធីសិក្សារបស់ខ្លួនជាប់ជាប្រចាំ ឲ្យស្របទៅតាមតម្រូវការ នៃទីផ្សារការងារ ជាពិសេស ការធ្វើអន្តរជាតិនីយកម្ម នៃកម្មវិធីអប់រំ ស្របតាមអនុសាសន៍ ធនាគារពិភពលោកដែលបានកំណត់ នៅក្នុងផែនការយុទ្ធសាស្ត្ររយៈពេល១០ឆ្នាំរួចហើយ
*ទី៤៖ និស្សិតបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឲ្យបានខ្ជាប់ខ្ជួន និងចូលរួមយ៉ាងសកម្ម ក្នុងការកសាងអំពើល្អ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិទាំងមូល។
*ទី៥៖ សំណូមពរដល់អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ជាពិសេស អាជ្ញាធរខេត្តបាត់ដំបង ចូលរួមគាំទ្រ និងសហការល្អ ជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងការងារបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយប្រសិទ្ធភាព និងគុណភាព ព្រមទាំងសហការជាមួយការងារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីធានាឲ្យសាកលវិទ្យាល័យនេះ អាចដំណើរការទៅដោយរលូន និងទទួលបានជោគជ័យតាមផែនការរបស់ខ្លួនដែលបានកំណត់៕