(ស្វាយរៀង)៖ លោក ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង បានស្នើដល់អាជ្ញាធរឃុំពងទឹក ត្រូវបន្តយកចិត្តទកដាក់ដាក់បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ មានតម្លាភាព និងគណនេយ្យភាព ជាពិសេសផ្ដល់សវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។
ការលើកឡើងបែបនេះ របស់លោក ចាន់ កុលបុត្រ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ក្រុមការងារគណបក្សចុះជួយឃុំពងទឹក ឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ ២០២១ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ នាស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំពងទឹក ស្រុករំដួល។ ពិធីនេះមានការចូលរួមពី លោក រស់ ផារិទ្ធ អនុប្រធានក្រុមការងារចុះជួយឃុំ និងលោក លោកស្រី អនុប្រធានក្រុមការងារ និងសមាជិក សមាជិកាបក្សភូមិ ក្នុងឃុំពងទឹក ជាច្រើនរូបផងដែរ។
នាឱកាសនោះ លោក ចាន់ កុលបុត្រ បានថ្លែងធ្វើការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជន ក៏ដូចជាឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង នៅក្នុងពិធីនេះផងដែរ។
លោកបន្តថា អស់រយៈពេល១ឆ្នាំកន្លងទៅនេះ ក្រុមការងារគណបក្សឃុំពងទឹក បានផ្តោតលើការយកចិត្តទុកដាក់ជាសំខាន់ លើការបង្កើនសកម្មភាពចិញ្ចឹម ចលនាមហាជន ក្នុងគោលដៅគ្រប់គ្រងសមាជិកបក្ស ពង្រឹងគុណភាពសមាជិកដែលមានស្រាប់ លើកកម្ពស់សាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្ស ដោយខិតខំអនុវត្តគោលការណ៍សមូហភាពដឹកនាំ ម្នាក់ៗ ទទួលខុសត្រូវ និងបែងចែកភារកិច្ចឲ្យសមាជិកម្នាក់ៗ ទទួលខុសត្រូវបានច្បាស់លាស់ រួមទាំងការកសាង និងការពង្រីកសមាជិកថ្មីបន្ថែមទៀត គឺដោយសារមានមន្ត្រីក្រុមការងារនៅមូលដ្ឋានសកម្ម និងមានឆន្ទៈក្នុងការងារចុះជាប់ជាប្រចាំ ជាមួយប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាជូនពួកគាត់។
លោក ចាន់ កុលបុត្រ បន្ថែមថា មិនតែប៉ុណ្ណោះអាជ្ញាធរឃុំបានយកចិត្តទុកដាក់បំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ធ្វើឲ្យមានការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងបានកែលម្អនូវចំណុចខ្វះខាត។
ប្រសិនបើមន្ត្រីចុះផ្ទាល់បម្រើសេវាដល់លំនៅឋានក្នុងភូមិ ឃុំ របស់ប្រជាពលរដ្ឋដូចជា ការធ្វើសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព និងការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព កាន់តែធ្វើឲ្យពលរដ្ឋមានភាពកក់ក្តៅ។ ចំណុចទាំងអស់នេះហើយបានធ្វើឲ្យមានការប្រែប្រួល លើទស្សនៈរបស់ប្រជាជន ឲ្យកាន់តែជឿជាក់ លើគណបក្សប្រជាជន ក៏ដូចជារាជរដ្ឋាភិបាល ផងដែរ។
ជាមួយគ្នានេះ លោក រស់ ផារិទ្ធ ក៏បានលើកឡើងនូវចំណុចមួយចំនួន ដើម្បីឲ្យគណបក្សឃុំ និងក្រុមការងារគណបក្ស គប្បីយកចិត្តទុកដាក់អនុវត្តបន្តទៅទៀត ក្នុងនោះជារួមមាន៖
*ទី១៖ បន្តពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅមូលដ្ឋានឲ្យកាន់តែល្អ ជាពិសេស ការដឹកនាំអនុវត្តគោលនយោបាយគាំពារសង្គម ដើម្បីជួយដល់ប្រជាពលរដ្ឋរស់នៅ មានភាពសុខសាន្ត
*ទី២៖ គណបក្សគ្រប់ថ្នាក់ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងម្ចាស់ការ ចាត់ចែងអនុវត្តការងាររបស់ខ្លួនឲ្យកាន់តែសកម្មស្វាហាប់ ដោយផ្អែកតាម ផែនការសកម្មភាព ក្នុងគោលការណ៍ណែនាំនានារបស់គណបក្សឲ្យទាន់ពេលវេលា ប្រកបដោយភាពប្រុងប្រយ័ត្ន និងការបត់បែន និងត្រឹមត្រូវតាមច្បាប់
*ទី៣៖ បន្តយកចិត្តទុកដាក់ជំរុញការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន និងប្រកបដោយតម្លាភាពគុណភាព និងជួយសម្រួលដោះស្រាយសំណូមពររបស់ប្រជាជន ទៅតាលទ្ធភាពដែលអាចធ្វើទៅបាន
*ទី៤៖ បន្តពង្រឹងចាស់ពង្រីកថ្មី ត្រូវមានការសាមគ្គីភាព ជាមួយសមាជិកបក្ស ដើម្បីធានារក្សាបាននូវភាពសុខដុមរមនា ដោយគ្មានការរើសអើង និងមិនប្រកាន់និន្នាការនយោបាយ សាសនា វណ្ណៈ ឋានៈនៅក្នុងសង្គម។
*ទូ៥៖ រក្សាប្រក្រតីភាព នៃជីវភាពសង្គម សេដ្ឋកិច្ចប្រជាជន ជួយឧបត្ថម្ភគាំទ្រដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងមូលដ្ឋាន ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ សមាជិកបក្សទាំងអស់មុននឹងលើកស្លាកគណបក្ស ត្រូវសុំច្បាប់ពីអាជ្ញាធរដែនដីឲ្យបានត្រឹមត្រូវ ចៀសវាងការធ្វើអ្វីមួយដែលរំលងច្បាប់។
លោក រស់ ផារិទ្ធ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តប្រុងប្រយ័ត្ន និងការពារខ្លួនជានិច្ចពីជំងឺកូវីដ-១៩ ដោយត្រូវប្រកាន់ខ្ជាប់នូវ អនាម័យឧស្សាហ៍លាងសម្អាតដៃ ជាមួយសាប៊ូ ជែល ឬអាល់កុលជាប្រចាំ ហើយសូមកុំធ្វើដំណើរឆ្លងដែនបើមិនមានការចាំបាច់។
បន្ទាប់មកក្រុមការងារ ក៏បានចុះពិនិត្យមើលការធ្វើរបងទីស្នាក់ការគណបក្សឃុំពងទឹក ដើម្បីស្ថាបនាសាងសង់ជាថ្មី នាពេលខាងមុខនេះផងដែរ៕