(ភ្នំពេញ)៖ កម្ពុជា កំពុងតែមមាញឹក ក្នុងការរៀបចំតាក់តែងច្បាប់ ស្ដីពី «សុវត្ថិភាពម្ហូបអាហារ» ដើម្បីបង្កើនការការពារ សុខុមាលភាពជូនប្រជាពលរដ្ឋ និងជាពិសេសចូលរួមចំណែក ក្នុងទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ថា ច្បាប់នេះ បានដល់ទីស្ដីការគណៈរដ្ឋមន្ដ្រី ដោយនឹងមានការជជែកគ្នា បន្ដទៀតជាមួយអន្ដរក្រសួង។
លោក ផាន អូន បានបញ្ជាក់យ៉ាងដូច្នេះថា «ច្បាប់សុវត្ថិភាពម្ហូបអាហារ បានទៅដល់ទីស្ដីការគណៈរដ្ឋមន្ដ្រី នឹងមានការជជែកគ្នា ពីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ក្នុងជំពូកមាត្រា២៩ ពាក់ព័ន្ធនឹងការនាំចេញនាំចូល [...] ច្បាប់នេះ មានសារៈសំខាន់ និងមានការជជែកគ្នាច្រើន រវាងអន្ដរក្រសួង ដែលមានក្រសួងសំខាន់ចំនួន៤»។
លោក ផាន អូន បានឲ្យដឹងថា ច្បាប់សុវត្ថិភាពម្ហូបអាហារ មានការជជែកគ្នាច្រើន នូវបញ្ហាមួយចំនួន ក្នុងជំពូកមាត្រា២៩ ពាក់ព័ន្ធនឹងការនាំចេញនាំចូល រវាងក្រសួងសេដ្ឋកិច្ច និងក្រសួងពាណិជ្ជកម្ម ហើយការជួបជជែកគ្នានេះ នឹងធ្វើឡើងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខ។
លោកបានលើកឡើងថា ច្បាប់សុវត្ថិភាពម្ហូបអាហារ មានសារៈសំខាន់ ដែលតម្រូវឲ្យមានការជជែកគ្នា រវាងអន្ដរក្រសួង ដែលមានក្រសួងសំខាន់ៗចំនួន៤៖ ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ និងក្រសួងសុខាភិបាល។
លោក ផាន អូន បានបញ្ជាក់ឲ្យដឹងផងដែរថា បើសិនជាដំណើរការ នៃការតាក់តែងច្បាប់ នៅតាមរដ្ឋសភា ឆ្លងតាមគណៈរដ្ឋពេញអង្គ រដ្ឋសភា ព្រឹទ្ធសភា និងមានការឡាយព្រះហស្ថ ពីព្រះមហាក្សត្រ ច្បាប់សុវត្ថិភាពម្ហូបអាហារ អាចចប់នៅក្នុងឆ្នាំ២០២១នេះ។
ជាមួយគ្នានេះ លោក ផាន អូន បានឲ្យដឹងថា ច្បាប់សុវត្ថិភាពម្ហូបអាហារ បង្កើតឡើងដើម្បីការពារសុខមាភាព ជូនប្រជាពលរដ្ឋទូទៅ ហើយច្បាប់នេះ ក៏នឹងដើរតួនាទីសំខាន់ ក្នុងការួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរ។
លោក ផាន អូន បានលើកឡើងទៀតថា ពេលណាដែលដាក់អនុវត្ដច្បាប់នេះ វានឹងធ្វើឲ្យភ្ញៀវទេសចរ កាន់តែមានជំនឿទុកចិត្ដ លើសុវត្ថិភាពចំណីអាហារ ក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យពួកគេ មកលេងកំសាន្ដ មានភាពកក់ក្ដៅ ហើយកម្ពុជា ក៏អាចគ្រប់គ្រងបាន លើសុវត្ថិភាពម្ហូបអាហារផងដែរ។
លើសពីនោះទៀត ច្បាប់នេះ ក៏រួមចំណែកក្នុងទាក់ទាញ លើវិស័យវិនិយោគ ព្រោះថា ពាណិជ្ជកម្មឆ្លងប្រទេស បើសិនជាមិនមានច្បាប់នោះទេ ពិបាកនឹងបញ្ជូនទំនិញ ទៅលក់នៅក្រៅប្រទេស ហើយការនាំចូលទំនិញ ពីក្រៅប្រទេសក៏ពិបាកដូចគ្នា។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោក ផាន អូន។
លោក ផាន អូន បានគូសបញ្ជាក់ទៀតថា ច្បាប់សុវត្ថិភាពម្ហូបអាហារ ផ្ដោតតែលើសុវត្ថិភាពម្ហូបអាហារប៉ុណ្ណោះ ដែលសំដៅធ្វើយ៉ាងណា ឲ្យម្ហូបអាហារមានសុវត្ថិភាព និងមានការទទួលខុសត្រូវ រវាងអ្នកធ្វើអាជីវកម្ម៕